សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
November 23, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅរ៏ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

      ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូក្រសួងមហាផ្ទៃទាំងអស់ បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងបានថ្វាយបង្គំសុំព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ អង្គសម្តេចម៉ែ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រី នាពេលនេះ។

      ការសោយទីវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់នូវឥស្សរជនខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការយូណេស្កូ(UNISCO)ទទួលស្គាល់ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

      សូមបញ្ជាក់ថា ព្រះបរមសពរបស់ សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង នៅលើសួនច្បារ ខាងមុខវត្តបទុមវតី គឺនៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ