សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្តែងការគួរសម
January 14, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យឯកឧត្តម KazuyukINAKANE សមាជិករដ្ឋសភា និងជាអតីត​រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។ន

      សម្ដេចក្រឡាហោម បានស្វាគមន៍ចំពោះឯកឧត្តម KazuyukINAKANE និងបានថ្លែងអំណរគុណតាមរយៈឯកឧត្តមចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងជប៉ុន ជាពិសេសការចូលរួមចំណែករបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា  មានដូចជា ជំនួយឥតសំណង និងជំនួយផ្សេងៗទៀត ដែលនេះជាការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ។

      ជាមួយគ្នានោះដែរ ឯកឧត្តម KazuyukINAKANE  បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយថាឯកឧត្តមជាសមាជិកសភាមួយរូបរបស់ជប៉ុន ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាច្រើនជាងគេផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមក៏មានទំនាក់ទំនងល្អជាមួយនឹងមន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅក្នុងខេត្តសៀមរាប ផងដែរ។ ឯកឧត្តម បានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ឯកឧត្តមពិតជាមើលឃើញនៅវឌ្ឍនភាពរបស់កម្ពុជា  និងមើលឃើញយុវជនកម្ពុជាកាន់តែមានភាពរស់រវើកក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួនប្រកបដោយក្តីសង្ឃឹមផងដែរ។ 

      ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៍បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមមកលើវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាស្ថានភាពទូទៅរបស់កម្ពុជា។ សម្ដេចក៏បានជម្រាបផងដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកកម្ពស់ និងជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជាឲ្យចូលរួមនៅក្នុងសកម្មភាពនយោបាយ ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពកសាង និងអភិវឌ្ឍសង្គមជាតិផងដែរ ជាពិសេសលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងសង្គម។ ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានជម្រាបថា នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាច្រើនក្នុងការជំរុញដល់យុវជនវ័យក្មេង ដើម្បីចូលរួមនៅក្នុងសកម្មភាពសង្គម ហើយរាជរដ្ឋាភិបាល ក៏កំពុងតែខិតខំប្រើប្រាស់នូវសក្តានុពលនៃធនធានមនុស្សវ័យក្មេងនេះក្នុងការអភិវឌ្ឍសង្គមជាតិអោយកាន់មានប្រសិទ្ធភាពផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ