សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះការចូលរួមរបស់ពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
February 19, 2020    អ្នកទស្សនា :

     នាទីស្ដីការក្រសួមហាផ្ទៃ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរចំពោះ កម្លាំងនគរបាល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នាំគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ នៅក្នុងសង្គមរបស់កម្ពុជា។

      ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “កម្លាំងនគរបាល ដោយមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត”។

      សម្ដេចក្រឡាហោម បន្ដថា ជាក់ស្ដែងទោះបី បទល្មើសព្រហ្មទណ្ឌ កាលពីឆ្នាំ២០១៩ មានការកើនឡើងបន្ដិច (កើន៨%) ដោយសារការហូរចូលយ៉ាងគំហុកនៃជនបរទេស ដែលនាំមកជាមួយនូវបទល្មើសដែលប្រព្រឹត្តឡើងក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កម្លាំងនគរបាលជាតិបានប្រឹងប្រែងបង្ក្រាបបានរហូតដល់ ៨៩% នៃបទល្មើសដែលកើតមានឡើង ក៏មានអត្រាខ្ពស់ជាងឆ្នាំ២០១៨។

      ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ការងារបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសង់ខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជា វិធានការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែង អនុវត្តយ៉ាងសស្រាក់សស្រាំ និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ