សកម្មភាពកិច្ចពិភាក្សាជាក្រុម នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ
February 19, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ បានបែកចែកក្រុមពិភាក្សាជា៩ក្រុម ដើម្បីរួមគ្នាលើកឡើងអំពីសមិទ្ធផលលេចធ្លោ បទពិសោធន៍ បញ្ហាប្រឈម និងគំនិតផ្តួចផ្តើមផ្សេងៗ ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ ត្រូវរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។

      ការពិភាក្សាជាក្រុមនេះ គឺធ្វើឡើងតាមការបែកចែក និងណែនាំដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

      ដែលក្នុងនោះ ក្រុមពិភាក្សានីមួយៗ ត្រូវពិភាក្សាលើប្រធានបទដែលក្រសួងបានកំណត់ជូនតាមក្រុម ហើយក្នុងនោះវាគ្មិនម្នាក់ៗក្នុងក្រុមពិភាក្សា មានរយៈពេលមិនលើសពី ១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទមួយ ហើយក្រុមនីមួយៗ មានប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការ ដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការពិភាក្សា។
ក្រុមពិភាក្សាទាំង៩រួមមាន៖
-ក្រុមពិភាក្សាទី១ ដឹកនាំដោយឯកឧត្តម លេង វី រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី ការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ថេរវេលា០៤ឆ្នាំ ២០២០-២០២៣។
-ក្រុមពិភាក្សាទី២ ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។
-ក្រុមពិភាក្សាទី៣ ដឹកនាំដោយឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុម ស្រុក ខណ្ឌ និងការផ្ទេរមុខងារដល់ថ្នាក់រដ្ឋបាលរាជធានី ខេត្ត។
-ក្រុមពិភាក្សាទី៤ ដឹកនាំដោយឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយលើការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ។
-ក្រុមពិភាក្សាទី៥ ដឹកនាំដោយឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការធានារក្សាសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
-ក្រុមពិភាក្សាទី៦ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងផលិតផលក្លែងក្លាយ។
-ក្រុមពិភាក្សាទី៧ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការគ្រប់គ្រង និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ។
-ក្រុមពិភាក្សាទី៨ ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការគ្រប់គ្រងជនបរទេសអន្តោប្រវេស្តនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីបម្រើសំណូមពររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសកម្មភាពអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីជំរុញប្រសិទ្ធភាពច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ។
-ក្រុមពិភាក្សាទី៩ ដឹកនាំដោយឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ និងជាប្រធាន ពិភាក្សាលើប្រធានបទ ការងារអប់រំកែប្រែ ស្តារនីតិសម្បទា ការងារបណ្តុះបណ្តាលវីជ្ជាជីវៈ និងការងារធ្វើសមាហរណកម្មជនជាប់ឃុំ។

      សូមជម្រាបថា បន្ទាប់ពីក្រុមពិភាក្សានីមួយៗបានធ្វើការពិភាក្សាគ្នាលើប្រធានបទដែលក្រសួងបានបែងចែកដាក់ជូនរួចមក នៅព្រឹកថ្ងៃព្រហស្បតតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ដដែលនេះ ក្រុមការងារនឹងបន្តធ្វើជារបាយការណ៍លំអិតពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗ ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់មតិបូកសរុប និងមានមតិផ្តាំផ្ញើសម្រាប់ដឹកនាំទិសដៅការងារបន្ត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ