សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង
April 07, 2020    អ្នកទស្សនា :

     នៅរសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រមការងារថ្នាក់ជាតិចុះជួយជួយខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមានការសង្ស័យ ពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានសុខភាពពីក្រុមគ្រូពេទ្យ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង ដែលក្នុងនោះរួមមាន៖ ស្រុកពារាំង, ស្រុកស្វាយអន្ទរ, និងស្រុកពាមរក៍។

      ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពដល់ប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

      សម្ដេចក្រឡាហោម ក៏បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ជាយថាហេតុណាមួយដល់អ្នកដទៃ។ សម្ដេចក្រឡាហោមបានចាត់ទុកការចូលរួមសហការគ្នានេះថាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោកផងដែរ។

      សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រៃវែង បានដាក់ប្រជាពលរដ្ឋចំនួន៤៥នាក់ នៅដាច់ដោយឡែកក្រោយពួកគាត់បានត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ដោយក្នុងនោះស្រុកពារាំង មានចំនួន ២៥ នាក់(ស្រី៤នាក់), ស្រុកស្វាយអន្ទរ មានចំនួន ១៦នាក់(ស្រី៦នាក់), និងស្រុកពាមរក៍ មានចំនួន៤នាក់(ស្រី២នាក់)។ 

       ជាមួយគ្នានោះសម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ជូននូវស្រុកទាំង៣ ដែលក្នុងស្រុកនីមួយៗទទួលបាននូវម៉ាស់ចំនួន២៥០០ម៉ាស់, សាប៊ូសម្លាប់មេរោគចំនួន២៥០០ដុំ, អាល់កុលចំនួន៥០លីត្រ, និងមីចំនួន១០កេសធំ ព្រមទាំងថវិកាដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ និងជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្រោមការតាមដានសុខភាពនៅតាមអគារសាលារៀន ដែលរៀបចំយ៉ាងសមរម្យដោយអាជ្ញាធរមូលដ្ឋានផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ