សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថាសព្វថ្ងៃនេះកម្ពុជា មានសន្ដិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ
May 29, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មកដល់ទល់ពេលនេះ នៅប្រទេសកម្ពុជា មានសន្ដិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ និងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅដោយសុខសាន្ដ។

      ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាសាលាខេត្តកែប សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មកដល់ពេលនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺយើងមានសន្ដិភាពយ៉ាងរឹងមាំ ហើយក៏មានស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ។ ប៉ុន្ដែនៅក្នុងពេលរាតត្បាតជំងឺកូវីដ-១៩ ហើយបញ្ហាមួយចំនួនមានការប្រែប្រួល ហើយអ្នកនយោបាយប្រជានិយម បានយកឱកាសនេះ ដើម្បីនឹងប្រើប្រាស់វោហាសាស្រ្តផ្សេងៗ ក្នុងការទំលាក់ការទទួលខុសត្រូវ ឬក៏បន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល»។

      សម្ដេចក្រឡាហោមបន្ដថា ស្របពេលជាមួយគ្នានោះដែរ មានអ្នកនយោបាយមួយចំនួនបានបង្វែបញ្ហជំងឺកូវីដ-១៩ និងការវិលត្រលប់របស់ពលករខ្មែរប្រមាណជិត១០ម៉ឺននាក់មកកម្ពុជាវិញ ជាបញ្ហានយោបាយ ដោយបានលើកឡើងថារាជរដ្ឋាភិបាលមិនបានគិតគូចំពោះជីវភាពរស់នៅរបស់ពួកគាត់ក្នុងគ្រាមានទុកលំបាកនេះ ប៉ុន្តែផ្ទុយទៅវិញរាជរដ្ឋាភិបាលកម្ពុជា គឺបានប្រឹងប្រែងខិតខំយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាទាំងនេះជាបន្ដបន្ទាប់។ សម្ដេចក្រឡាហោមក៏បានលើកឡើងដែរថា ទន្ទឹមនិងនេះមានបុគ្គលមួយចំនួនបានប្រឌិតព័ត៌មានដោយបំផុសអោយប្រជាពលរដ្ឋមិនអោយសងបំណុលធនាគារ ប៉ុន្តែចំពោះសកម្មភាពនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចបានទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពនេះបាន ហើយបានធ្វើការបកស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ ព្រមទាំងបានសម្របសម្រួលដល់បណ្តាធនាគារទាំងអស់ផ្តល់ការយោគយល់ ពន្យារពេលសមស្របណាមួយ ដើម្បីអោយប្រជាពលរដ្ឋយើងមានលទ្ធភាពសង់បំណុល។

      សម្ដេចក្រឡាហោមមានប្រសាសន៍បន្ថែមថា «បើខ្ជីគេមិនសង់ អាហ្នឹងទៅមិនរួចទេ ហើយកន្លែងណាក៏ទៅមិនរួចដែរ ហើយបញ្ហានេះ ខ្ញុំចង់បញ្ជាក់ថា ការផ្សព្វផ្សាយនៅព័ត៌មានទាំងឡាយណាគឺចាំបាច់យើងត្រូវតាមដាន គ្រប់គ្រងឲ្យជាប់ជាប្រចាំ ហើយធ្វើការបកស្រាយបំភ្លឺសាធារណៈមតិ ជាពិសេសប្រជាពលរដ្ឋ ឲ្យលោកយល់អំពីបញ្ហានេះ (បញ្ហាខ្ជីលុយធនាគារ) »។

      ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវទៅដល់ សមត្ថកិច្ច ត្រូវបន្ដដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចមិនត្រូវមើលស្រាលឡើយ ជាពិសេសត្រូវរកមូលហេតុឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដោះស្រាយ តាមនិតិវិធីតាមផ្លូវច្បាប់ និងត្រឹមត្រូវផងដែរ។សម្ដេចក្រឡាហោមបន្ថែមថា សមត្ថកិច្ចទាំងអស់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋត្រូវប្រកាន់នូវគោលការណ៍ ដោះស្រាយដោយសន្ដិវិធី មិនប្រើអំពីហិង្សាដែលនាំឲ្យមានបញ្ហាវែងឆ្ងាយតទៅទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ