សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់អាជ្ញាធរខេត្តកែប ត្រូវយកចិត្តទុកដាក់បង្ការ បង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ និងទប់ស្កាត់ការរីករាលដាលដល់សហគមន៍
May 29, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ទោះបីជាខេត្តកែបមិនទាន់ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មគ្រឿងញៀនក៏ដោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នសម្រាប់ពេលអនាគត កុំឲ្យជនឱកាសនិយមប្រើប្រាស់ទីតាំងខេត្តនេះជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មគ្រឿងញៀន។ សម្ដេចក្រឡាហោម បានក្រើនរំលឹកថា គ្រឿងញៀនជាបញ្ហាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខេត្តកែប និងកំពត ត្រូវចូលរួមទប់ស្កាត់កុំឲ្យបញ្ហាគ្រឿងញៀនរីករាលដាលដល់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ប្រសាសន៍សម្ដេច ៖ ((កន្លងមក ខេត្តព្រះសីហនុ ពេលដែលមានការវិនិយោគច្រើន ពួកឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀនបាននឹងកំពុងយកកន្លែងនោះប្រើប្រាស់ដើម្បីជួញដូរគ្រឿងញៀន។ ខេត្តកែបមិនទាន់មានបញ្ហានេះទេ ប៉ុន្តែត្រូវប្រយ័ត្នសម្រាប់អនាគត ការទាក់ទាញ់ ការវិនិយោគកាន់តែច្រើន ជនឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀនអាចយកកន្លែងនេះប្រើប្រាស់ក៏អាចថាបាន។ ខេត្តកែប និងកំពតមិនទាន់ក្លាយជាកន្លែងគោលដៅឧក្រិដ្ឋជនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែស ហើយត្រូវប្ដេជ្ញាទាំងអស់គ្នាថា កុំឲ្យគ្រឿងញៀនរីកសាយដល់សហគមន៍ ដែលនេះជាបញ្ហាសំខាន់ ដូចជាទៅដល់ជនបទ ភូមិ ផ្ទះប្រជាពលរដ្ឋ))។

      សម្ដេចក្រឡាហោម បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប។

      ជាងនេះទៀត សម្ដេចក្រឡាហោមក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យបន្តខិតខំប្រឹងប្រែងបង្ក្រាបបញ្ហាគ្រឿងញៀននេះ ពោលគឺមិនត្រូវមើលស្រាលបញ្ហានេះឡើយ ហើយត្រូវបំផុសឲ្យមានការចូលរួមគាំទ្របន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននេះ។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចបានសម្ដែងការគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់អភិបាលខេត្តទាក់ទងនឹងការបន្តខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលការណ៍មានប្រសិទ្ធិភាព និងមានឥទ្ធិពលក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕ កញ្ញា

ដោយ៖  នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ