សម្តេចក្រឡាហោម ស ខេង ប្រកាសបន្តគោលជំហររឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក
May 29, 2020    អ្នកទស្សនា :

      ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសយកឆ្នាំ២០២០ដើម្បីរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទន្ទឹមនឹងនេះក៏មានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគាំទ្រអនុវត្តបានយ៉ាងល្អប្រសើរ ដោយឡែកក៏មានបុគ្គលមួយចំនួនឆ្លៀតយកឱកាសនេះកេងចំណេញនយោបាយធ្វើការរិះគន់ និងលើកឡើងមិនបានគិតដល់ផលប្រយោជន៍ជាតិ សុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយសុខដុមរមនា។

      មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា គោលជំហរក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តធ្វើដោយពុំមានការបន្ធូបន្ថយនោះឡើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ គឺមានប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមគោរពច្បាប់បានយ៉ាងល្អខ្ជាប់ខ្ជួន គឺជាគោលការណ៍ និងគោលបំណងតែមួយគត់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចង់់បាន ប៉ុន្តែក្នុងនេះផងដែរ ក៏មានបុគ្គលនយោបាយមួយចំនួនមិនបានតាំងចិត្តចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បែរជាយកបញ្ហាការរឹតបណ្តឹងច្បាប់ចរាចរណ៍ ធ្វើការប្រៀបធៀបជាមួយផលប៉ះពាល់នៃបញ្ហាការរាតត្បាតជំងឺកូវីដ១៩ទៅវិញ ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ខុស ដើម្បីជឿលើទស្សនៈរបស់ខ្លួន។ ប្រសាសន៍របស់សម្តេច “យើងបានប្រកាសថា ឆ្នាំ២០២០ជាឆ្នាំរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលមុនយើងរឹតបណ្តឹងនេះ យើងក៏បានធ្វើកិច្ចការងារជាច្រើន ជាពិសេសទាក់ទងនឹងការអប់រំផ្សព្វផ្សាយ យើងធ្វើច្រើនណាស់ ក៏ប៉ុន្តែដល់ពេលដែលយើងកំណត់ធ្វើ មានអ្នកមួយចំនួនគាត់ថាឆាប់ពេក អត់បានអប់រំ អត់បានផ្សព្វផ្សាយ ការពិតមិនមែនទេ ប្រហែលជាគាត់មិនបានតាមដាន មិនបានស្តាប់ មិនបានយកចិត្តទុកដាក់ បំណងតែមួយគត់យើងធ្វើ គឺមិនមែនធ្វើបាបប្រជាពលរដ្ឋទេ” ។

      សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះការរឹតបណ្តឹងចរាចរណ៍នេះដែរ បើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរារចណ៍បានត្រឹមត្រូវ គឺមិនមានពលរដ្ឋណាមួយត្រូវខាត់បងនោះទេ ប៉ុន្តែបើប្រជាពលរដ្ឋនោះមិនបានគោរពច្បាប់បានត្រឹមត្រូវនោះទេ នឹងត្រូវខាតបង់ទាំងថវិការ និងគ្រោះថ្នាក់ផ្សេងៗ ហើយអាចឈានដល់បាត់បងជីវឹតផងដែរ។ ប្រសាសន៍របស់សម្តេច “បើពួកគាត់គោរពច្បាប់មានអស់លុយឯណា ប៉ុន្តែបើពួកគាត់មិនគោរពច្បាប់ មិនពាក់មួកអាហ្នឹងអស់លុយហើយ ហើយយើងសុំតែប៉ុណ្ណឹងតើ ពាក់មួកដើម្បីជីវិតរបស់ពួកគាត់តើ” ។ 

      សម្តេចបានបន្តថា បញ្ហាដែលសំខាន់ខ្លាំងបំផុតនោះ គឺស្ថិតនៅលើមន្រ្តីអនុវត្តច្បាប់ដែលត្រូវតែប្រកាន់ខ្ជាប់នូវសីលធម៌ វីជ្ជាជីវៈ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយអនុវត្តឲ្យបានតាមគោលការណ៍ច្បាប់ និងតាមការណែនាំនានារបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ។ បន្ថែមលើសពីនេះទៀត សម្តេចក្រឡាហោម បានលើកឡើងថា គិតតាំងពីការផ្តើមរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោករហូតមកដល់ពេលនេះ បើប្រៀបធៀបរយៈពេលដូចគ្នា ពីខែមេសា ដល់ខែឧសភា គឺអត្រាអ្នកស្លាប់ថយចុះចំនួន១៥នាក់ និងអ្នករងរបួស៨០នាក់៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ