ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាល វគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
July 06, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកវគ្គភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ក្រោមអធិបតីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សិក្ខាកាម ព្រមទាំងអគ្គនាយដ្ឋានពាក់ព័ន្ធ និងអង្គភាពនានាជាច្រើនផងដែរ។

      ក្នុងពិធីបើកវគ្គនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ឆ្នាំ២០២០នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ  សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយក្នុងរយៈពេលនេះ រដ្ឋាភិបាលបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រព្រឹត្តទៅប្រកបដោយភាពរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌។ ឯកឧត្តមក៏បានបន្ថែមថា ទោះបីជាការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិមានបញ្ហាមួយចំនួន ប៉ុន្តែស្ថាប័នពាក់ព័ន្ធនានាបានខិតខំសហការគ្នា និងពុះពារគ្រប់ឧបសគ្គ ដើម្បីជម្រុញឲ្យកិច្ចដំណើរការនៃកំណែទម្រង់ដ៏មានសារៈសំខាន់នេះ សម្រេចបាននូវសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ផងដែរ។

      ជាងនេះទៀត ឯកឧត្តម សក់ សេដ្ឋា ក៏បានលើកឡើងថា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល មកដល់បច្ចុប្បន្ននេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់នៅគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសិក្ខាកាមដែលជាថ្នាក់ដឹកនាំ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការអនុវត្តកំណែទម្រង់នេះ នៅមូលដ្ឋានក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

      សូមជម្រាបជូនថា ការរៀបចំវគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ