ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
July 06, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ថ្ងៃនេះជាកិច្ចប្រជុំលើកទី៦ ហើយយើងបានជួបពិភាក្សាគ្នា ពិគ្រោះយោបល់លើសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវខកខានមិនបានជួបពិភាក្សាគ្នា អស់រយៈពេល៣ខែ គឺយើងបានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០»។

      ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនាពេលព្រឹកនេះនឹងចប់រួចរាល់ចំពោះមាត្រាដែលនៅសល់ ដែលក្នុងកិច្ចកន្លងមកយើងបានពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាបានចំនួន១៣មាត្រា ក្នុងចំណោម១៧មាត្រា ដូច្នេះក្នុងកិច្ចប្រជុំព្រឹកនេះនៅសល់តែ៤មាត្រាទៀតតែប៉ុណ្ណោះ។ ឯកឧត្តមបន្ដថា ការជួបប្រជុំពិគ្រោះយោបល់រវាងក្រុមការងាររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលធ្វើឡើងក្នុងគោលដៅស្វែងយល់អំពីសំណើរបស់អង្គការសង្គមស៊ីវិលដែលបានស្នើសុំធ្វើវិសោធនកម្មច្បាប់នេះមានចំនួន១៧មាត្រា។

      ឯកឧត្តមពន្យល់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល មិនមែនជាអ្នកសម្រេច ហើយក៏មិនមែនជាអ្នកបដិសេធលើមាត្រាទាំងអស់នេះទេ ហើយក៏មិនអាចធ្វើវិសោធនកម្មច្បាប់ទាំងស្រុងតាមការលើកឡើងបានឡើយ ប៉ុន្ដែអ្វីដែលក្រុមការងាររាជរដ្ឋាភិបាលបានជួបពិគ្រោះយោបល់នាពេលនេះគឺស្វែងយល់គ្នាឲ្យបានច្បាស់លាស់ និងបញ្ជាក់ជូនអង្គការសង្គមស៊ីវិលអំពីខ្លឹមសាច្បាប់នេះ ហើយស្វែងយល់អំពីគោលបំណងរបស់អង្គការសង្គមស៊ីវិលក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ដែលនឹងមានមូលដ្ឋានជាក់លាក់ដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាល។

      សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយច្បាប់នេះគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។ ជាងនេះទៅទៀត ច្បាប់នេះមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិច្បាប់ដោយឡែកដែលចែងផ្សេងពីនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ