ក្រុមការងាររបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចេញសេចក្ដីប្រកាសរួមស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់លើ សំណើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
July 06, 2020    អ្នកទស្សនា :

      ក្នុងសេចក្ដីប្រកាសរួមរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចេញផ្សាយ ក្រោយបញ្ចប់កិច្ចប្រជុំនាទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ផ្អែកលើលទ្ធផល នៃវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល លើកទី៣ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងមក តំណាងអង្គការសង្គមស៊ីវិលប្រមាណ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

      ផ្អែកលើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើរធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ផ្ដើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាកិច្ចប្រជុំលើកទី៦ និងជាលើកចុងក្រោយផងដែរ។ ជាលទ្ធផលនៃកិច្ចប្រជុំកន្លងមក ក៏ដូចជានាថ្ងៃនេះ ក្រុមការងារបានពិភាក្សា និងពិគ្រោះយោបល់លើ មាត្រាចំនួន១៧ រូមមាន៖ មាត្រា១ ,មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៨, មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។

      ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ក៏បានប្ដេជ្ញាថា នឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាង អង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

      សូមជម្រាបថា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ លើសំណើរបស់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការ ធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ