សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម
October 13, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបផងដែរ។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការអញ្ជើញចូលជួបសម្ដែងការគួរសមរបស់ក្រុមគណៈមេធាវីក្នុងថ្ងៃនេះគឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់ និងជាឱកាសដែលអាចពិភាក្សាគ្នាសម្រាប់ពេលនេះ និងកិច្ចពិភាក្សាផ្សេងទៀតនាពេលអនាគត ដើម្បីរួមចំណែកក្នុងការពង្រឹងយុត្តិធម៌សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក ក្រុមប្រឹក្សានៃគណៈមេធាវីបានបំពេញការងារជាច្រើន និងបានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសង្គមផ្សេងៗ។

      ក្នុងឱកាសនោះផងដែរ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានលើកឡើងថា ដោយសារតែការរីកចម្រើនរបស់សង្គមជាតិ បច្ចុប្បន្នចំនួនមេធាវីមានការកើនឡើង ដោយមេធាវីពេញសិទ្ធិមានចំនួន១,៧៥៦នាក់ កម្មសិក្សា៣៤៩នាក់ ហើយថែមទាំងមានការជម្រុញឲ្យមានវត្តមានមេធាវីនៅតាមបណ្ដាខេត្តដាច់ស្រយាល ក្នុងន័យឆ្លើយតប និងបម្រើតម្រូវការសេវាកម្មផ្នែកច្បាប់របស់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះ។
 

      លោកមេធាវីបានបន្តថា កន្លងមក គណៈមេធាវីបានព្យាយាមពង្រឹងនូវវិស័យការងារ សកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនដើម្បីឲ្យការបំពេញភារៈកិច្ចក្នុងផ្នែកច្បាប់នេះកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ លោកប្រធានគណៈមេធាវី បានឲ្យដឹងថា ការគាំទ្រ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច បានអនុញ្ញាតឲ្យមេធាវីអាចចូលជួបកូនក្ដីរបស់ខ្លួននៅតាមប៉ុស្តិ៍នគរបាលផងដែរ ដែលនេះចាត់ទុកជាការយកចិត្តទុកដាក់របស់សម្ដេច និងជាសមិទ្ធផលធំមួយសម្រាប់គណៈមេធាវី ហើយប្រធានគណៈមេធាវីក៏បានសំណូមពរឲ្យមានការគាំទ្របន្តពីសម្ដេចក្រឡាហោម ដើម្បីជម្រុញឲ្យការបំពេញវិជ្ជាជីវៈរបស់គណៈមេធាវីកាន់តែរឹងមាំ។

      ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការរៀបចំមេធាវីអាចចូលជួបកូនក្ដីរបស់ខ្លួននៅតាមប៉ុស្តិ៍នគរបាល និងតាមអធិការខណ្ឌជាចំណុចល្អ ហើយការរៀបចំឲ្យអ្នកជំនាញផ្នែកច្បាប់នៅតាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ដើម្បីជួយបញ្ហានានារបស់ប្រជាពលរដ្ឋ ទាមទារកិច្ចសហការជាមួយគណៈមេធាវី ដើម្បីឲ្យកិច្ចការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះផងដែរ សម្ដេចក្រឡាហោម បានឲ្យដឹងថា ក្រសួងមហាផ្ទៃនឹងនៅតែត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែងទៅតាមតម្រូវការរបស់គណៈមេធាវី៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ