នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ និងបញ្ហាគ្រោះជំនន់ទឹកភ្លៀងនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានអញ្ជើញចូលរួមពី លោក លោកស្រី ជាមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ។
លោក ណុប ចឹក មេឃុំបឹងព្រះ បានគោរពរាយការណ៍សង្ខេបពីស្ថានភាពទូទៅ និងបណ្តាភូមិដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បន្ទាប់មក ឯកឧត្ដមបានមានមតិណែនាំថា ត្រូវបន្តតាមដាន និងក្តាប់សភាពការណ៍ជាប់ជាប្រចាំពីជំនន់ទឹកភ្លៀង និងផលប៉ះពាល់នានា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវពិនិត្យរកទីទួលសុវត្ថិភាពភាពទុកជាមុនឱ្យហើយ ខណៈស្ថានភាពមិនទាន់ល្អប្រសើរនោះទេ និងត្រៀមលក្ខណៈ កម្លាំង សម្ភារ ជួយដល់បងប្អូនប្រជាពលរដ្ឋ។ ក្រៅពីនេះ ឯកឧត្តមបានមានមតិដឹកនាំមួយចំនួនក្នុងការអនុវត្តការងារទិសដៅបន្ត។
ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ជាពិសេសខណៈជំនន់ទឹកភ្លៀងកំពុងតែវាយលុកចំពោះមុខនេះ៕
ប្រភព៖ អគ្គាធិការដ្ឋាន