សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
September 22, 2021    អ្នកទស្សនា :

ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសមាជិក ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មអាណត្តិការងារនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ និងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងតួនាទីជាប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ជម្រាបជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងមកដល់បច្ចុប្បន្ន ជាមួយគ្នានេះភាគីទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។

មានប្រសាសន៍បន្តនៅក្នុងឱកាសនោះ សម្តេចក្រឡាហោម នៅតែសង្ឃឹមថា អ្នកដែលមកបន្តអាណត្តិការងារ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ ដែលជាសមិទ្ធផលដែលក្រសួងទាំងពីរបានមានកន្លងមក ព្រមទាំងពង្រីកឱ្យកាន់តែមានវឌ្ឍនភាពកាន់តែល្អប្រសើរថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីចំងាយតាមរយៈលោក ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺននាពេលនេះផងដែរ។

ព្រមជាមួយគ្នានេះលោក ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ជូនចំពោះសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឲ្យលោកបានចូលជួបសម្តែងការគួរសម និងជម្រាបលានេះផងដែរ។ លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ក៏បានជម្រាបជូនសម្តេចថា លោកពិតជាមានក្តីរីករាយ ព្រមទាំងមានមោទនភាពដែលត្រូវបានតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ហើយលោកក៏សូមវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ក្នុងបំពេញការងាររយៈពេល៣ឆ្នាំកន្លងមកនេះ។

លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន បានជម្រាបជូនសម្តេចក្រឡាហោមបន្ថែមទៀតថា ក្រោយបញ្ចប់អណត្តិការងារ លោកនឹងបន្តដើរតួនាទីក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អលើវិស័យអបរំ រវាងសកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសកលវិទ្យាល័យកាន់ធើនៃប្រទេសវៀតណាម សំដៅធ្វើយ៉ាងណារួមចំណែកលើកកម្ពស់លើវិស័យអប់រំនៃប្រទេសទាំងពីរ។

ជាចុងក្រោយ សម្តេចក្រឡាហោម ក៏បានសម្តែងនូវការអរគុណចំពោះ លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ក្នុងការខិតខំប្រឹងប្រែងផ្សារភ្ជាប់ទំនាក់ទំនងរវាងសកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសកលវិទ្យាល័យកាន់ធើនៃប្រទេស វៀតណាម។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ជម្រាបជូនថា សម្តេច ក៏ជាអ្នកផ្តួចផ្តើមកសាងនូវសកលវិទ្យាល័យជាតិបាត់ដំបង សកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសកលវិទ្យាល័យត្បូងឃ្មុំ សម្តេចសង្ឃឹមថាកិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យអប់រំ និងរួមចំណែកជួយសម្រួលដល់ការលើកកម្ពស់នូវវិស័យអប់រំនៅកម្ពុជាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ