សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
November 30, 2017

នាព្រឹកថ្ងៃ១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារខាំបូឌីយ៉ាណាភ្នំពេញ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ។ គម្រោងនេះ មានគោលបំណងចង់លើកកម្ពស់ជីវភាពរបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុ មានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចៗ និងដើម្បីត្រៀមផ្តល់ការគាំទ្រក្នុងករណីជួបហានីភ័យ ឬគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុក្នុងជម្រើសឃុំ-សង្កាត់។ គម្រោងថ្មីនេះមានវិសាលភាពគ្រប់ដណ្តប់លើទីតាំងភូមិសាស្ត្រ ២ខុសគ្នា ១.ទីតាំងភូមិសាស្ត្រជនបទនៅក្នុងឃុំ៤៧ នៃស្រុកចំនួន៩ ក្នុងខេត្តសៀមរាប ទី២.ទីតាំងភូមិសាស្ត្រទីក្រុងនៅលើសង្កាត់១៣ នៃខណ្ឌចំនួន១២ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអានរបាយការណ៍ គោរពជូនសម្តេច ជ្រាបអំពីសកម្មភាពគម្រោង ដែលទាក់ទងនិងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ការចូលរួមក្នុងវិស័យអភិបាលកិច្ច   និងការចូលរួមលើកកម្ពស់ការងារយេនឌ័រ បរិយាប័ន្ននិងសមធម៌សង្គម។ នាឱកាសនោះដែរ សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការលើគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ដែលបានរៀបចំឡើងដោយក្រសួងមហាផ្ទៃ សម្រាប់រយៈពេល៥ឆ្នាំ ដោយហិរញ្ញប្បទានពីធនាគារពិភពលោក។ សម្តេចសូមសម្តែងនូវកិច្ចស្វាគមន៍ដ៏កក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ជាគណៈអធិបតី ជាភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងសក្ខាកាមទាំងអស់ ជាពិសេសតំណាងធនាគារពិភពលោក និងស្ថាប័នដៃគូអភិវឌ្ឍន អង្គការសង្គមស៊ីវិលនានាដែលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសដ៏វិសេសវិសាលនេះ។
ដើម្បីធានាឱ្យបានប្រសិទ្ធភាពនៃការអនុវត្តគម្រោង ការគាំទ្រដល់កំណែទម្រង់រាជរដ្ឋាភិបាល និងសម្រេចបានតាមគោលដៅដែលបានគ្រោងទុក សម្តេចបានផ្តល់អនុសាស្ត្រមួយចំនួនដល់ក្រុមការងារដូចខាងក្រោម៖
១.ក្រុមការងារគ្រប់ថ្នាក់ដែលបានចាត់តាំង មានមុខងារ មានតួនាទីរួចហើយត្រូវរក្សានូវសាមគ្គីភាព ពង្រឹងសហប្រតិបត្តិការ និងខិតខំយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរៀងៗខ្លួន
២.សូមឱ្យអង្គការអនុវត្តគម្រោងនៅថ្នាក់រាជធានី និងថ្នាក់ខេត្ត ជាពិសេសអភិបាលរាជធានី និងខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ
៣.សូមឱ្យភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធផ្តល់កិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវគ្រប់សកម្មភាពនានា បម្រើដល់ត្រូវការរបស់ប្រជាពលរដ្ឋដែលជាគោលដៅរបស់គម្រោង។
  ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ បានជូនពរដល់គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកាអង្គសិក្ខាសាលាទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ជាផ្លូវការចាប់ពីពេលនេះតទៅ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ