សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ លេខាធិការ អចិន្ត្រៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ព្យែរ បៃយ៉េ (Mr.PIERRE BAILLET) លេខាធិការ អចិន្ត្រៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងចូលរួមអបអរសាទរចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិយាយភាសារបារាំង ជាមួយសាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏មានសេចក្ដីរីករាយចំពោះទស្សនកិច្ចគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងតែដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈ សម្ដេច ចាត់ទុកថា ទស្សនកិច្ចនេះ ក៏ជាការលើកទឹកចិត្តមួយបន្ថែមទៀត ទៅដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ដែលជាប្រទេសមានទំនាក់ទំនងជាមួយគ្នាជាយូរណាស់មកហើយ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏យល់ឃើញថា ទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ ក៏ជាការជំរុញទឹកចិត្តដល់យុវជនកម្ពុជា ឱ្យបន្ដចាប់យកការសិក្សាទៅលើភាសាបារាំងកាន់តែច្រើនឡើងថែមទៀតផងដែរ។ សម្ដេចក្រឡាហោម ក៏បានសម្ដែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបាំងជាមួយសាលារាជធានីភ្នំពេញ និងបានគាំទ្រចំពោះសមិទ្ធផលនានា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញជាមួយសមាគមផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ព្យែរ បៃយ៉េ បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងគោរពជម្រាបជូន សម្ដេច ថា ឯកឧត្តម និងសហការី ពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាពសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយ សាលារាជធានីភ្នំពេញ ខណៈឯកឧត្តម បានគួរបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ មិនផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំងនៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្ដែទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ក៏ផ្ដោតទៅលើគោលបំណងនៃការអភិវឌ្ឍ គាំទ្រដល់ការកសាង ស្ដារ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវអ្វីដែលហៅថា ថ្នាលបច្ចេកវិទ្យា។

ឯកឧត្តម ក៏បានជម្រាបជូន សម្ដេចក្រឡាហោម អំពីសមិទ្ធផលមួយចំនួនដែលសម្រេចបានកន្លងមក ដែលជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ ដែលគម្រោងទាំងនោះ ក៏បានផ្ដល់នូវផលវិជ្ជមានដល់ផ្នែកសង្គម ក៏ដូចជា សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសទៀតនោះ គឺគម្រោងទាំងនោះបានផ្ដល់នូវសិទ្ធិអំណាចទៅដល់អ្នកដឹកនាំនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ។

ជាការឆ្លើយតបចំពោះការលើកឡើងអំពីការនូវផ្ដល់សិទ្ធិ ការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន សម្ដេចក្រឡហោម ស ខេង ក៏បានយកឱកាសនេះជម្រាបជូន ឯកឧត្តម ព្យែរ បៃយ៉េ ថា សម្ដេច គាំទ្រ ចំពោះអ្វីដែលគំនិតផ្ដួចផ្ដើម និងការជួយគាំទ្ររបស់សមាគមនិយាយភាសាបារាំង ដោយមួយផ្នែក កិច្ចការនេះស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្ត។

សម្ដេចក្រឡាហោម បានបន្ថែមថា ពាក់ព័ន្ធទៅនឹងការផ្ទេរសិទ្ធិអំណាចទៅដល់ថ្នាក់ក្រោមជាតិ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆាប់ៗខាងមុខនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីផ្ដល់អំណាចសិទ្ធិសម្រេចទាំងធនធានថវិកា និងធនធានមនុស្សទៅដល់ថ្នាក់ក្រោមជាតិ ក្នុងការបម្រើប្រជាពលរដ្ឋទាំងលើសេវាសាធារណៈ ទាំងលើការងារសុខាភិបាល ទាំងលើការងារសន្ដិសុខនៅមូលដ្ឋាន ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗនោះ កាន់តែទទួលបានប្រសិទ្ធភាព។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានគាំទ្រ និងបន្ដជំរុញលើកទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញ បន្ដនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត។ សម្ដេច ក៏សូមជូនពរដល់ឯកឧត្តម និងគណៈប្រតិភូ សូមឱ្យបានទទួលជោគជ័យចំពោះបេសកម្ម នៅព្រះរាជាណាចក្រកម្ពុជា នាពេលឱកាសនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ