ពិធី “សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន“
January 10, 2018    អ្នកទស្សនា :

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០នាទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្តេចក្រឡាហោម  ស ខេង និង លោកជំទាវ ញ៉ែម សាខន“ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបាននិងកំពុងធ្វើការអភិវឌ្ឍគ្រប់ផែ្នកនាពេលនេះ គឺដោយសារតែមានការគាំទ្រ និងឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសគឺការគាំទ្រ និងឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់ សម្តេចក្រឡាហោម ស ខេង ទាំងស្មារតី សម្ភារៈ ហិរញ្ញវត្ថុ និង ក្របខណ្ឌគតិយុត្ត ព្រមទាំងមានកិច្ចសហការល្អពីអង្គភាពពាក់ព័ន្ធ និងការប្ដេជ្ញាចិត្ដខ្ពស់របស់ថ្នាក់ដឹកនាំ ​និងមន្ដ្រីគ្រប់កម្រិតរបស់បណ្ឌិត្យសភា  ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងគុណភាពនៃការបណ្តុះបណ្តាល ស្របតាមផែនការ និងស្ដង់ដាដែលបានកំណត់ ។

ឯកឧត្តមបានបន្ថែមថា អគារសិក្សានេះ មានលក្ខណៈស្របតាមស្ដង់ដាអប់រំ ដែលបង្ហាញអំពីឧត្ដមភាព និងកិត្យានុភាពរបស់បណ្ឌិត្យសភា អាចប្រៀបធៀបបានជាមួយនឹងអគារសិក្សានៃបណ្ឌិត្យសភានគរបាលប្រទេសមួយចំនួន ។ ការសាងសង់អគារនេះ គឺជាការផ្ដល់ដំណោះស្រាយទាន់ពេលវេលា ដល់បណ្ឌិត្យសភា ដែលបានជួបការលំបាក ក្នុងការងារបណ្តុះបណ្ដាល។

ថ្លែងក្នុងពិធីនេះ សម្តេចក្រឡាហោម  បានគាំទ្រលើការងារកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិរបស់យើង ត្រូវតែធ្វើកំណែទម្រង់ជាចាំបាច់ ដើម្បីលើកម្ពស់សមត្ថភាពវិជ្ជាជីវៈ ក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ លើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ និងជាទីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទៅ។

សម្តេចបានបញ្ជាក់បន្ថែមថា អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលនៃការងារកំណែទម្រង់ ផ្នែកកងកម្លាំងនគរបាលជាតិ ព្រោះថាដើម្បីឱ្យការបណ្ដុះបណ្ដាលមានគុណភាព លុះត្រាតែអង្គភាពបណ្ដុះបណ្ដាលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ជាពិសេស មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាអគារសិក្សា ជាដើម និងមូលដ្ឋានសម្ភារផ្សេងៗទៀត ដើម្បីគាំទ្រដល់ការងារបណ្ដុះបណ្ដាល។

ទោះជាយ៉ាងនេះក្ដី ក៏នៅតែមិនទាន់បំពេញបាននូវតម្រូវការនៃការបណ្ដុះបណ្ដាលដែរ ។ ហេតុនេះ រាល់ចំណុចខ្វះខាតផ្សេងទៀត ក្រសួងមហាផ្ទៃនឹងព្យាយាមដោះស្រាយជាបណ្ដើរៗ ទៅតាមដំណាក់កាល និង តាមលទ្ធភាពថវិកាជាតិ។

ប្រភពព័ត៌មានៈ បណ្ឌិត្យសភានគរបាលកម្ពុជា (ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ