សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង
June 25, 2022    អ្នកទស្សនា :

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តព្រៃវែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកមេសាង បានធ្វើសេចក្ដីរាយការណ៍សង្ខបជូន សម្ដេចក្រឡាហោម ស ខេង ព្រមទាំងអង្គពិធីទាំងមូលថា សមិទ្ធផលដែលប្រារព្ធពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន៖ កុដិ ១ខ្នង ឧបដ្ឋានសាលា ១ខ្នង ព្រះវិហារ មានបណ្តោយ ១៩ម៉ែត្រ និងទទឹង ១០ម៉ែត្រ កំពស់ ១៥ម៉ែត្រ ដោយចំណាយថវិការសរុបជាង ៦៥៣លានរៀល។

អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារគ្រោងធ្វើឡើងយូរមកហើយ ប៉ុន្តែដោយសារស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានោះ ក៏ត្រូវអូសបន្លាយពេលរហូតមកដល់ពេលនេះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ជាពិសេសក្រុមការងារដែលមាន ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ដែលបានចូលរួមសាមគ្គីប្រមូលបច្ច័យសាងសង់សមិទ្ធិផលព្រះវិហារ រួមទាំងបច្ច័យបង្គ្រប់ថ្លៃជំពាក់។

សម្ដេចក្រឡាហោម បានបង្ហាញមោទកភាព និងក្ដីរីករាយនៅពេលទទួលសេចក្ដីរាយការណ៍មកថា សិស្សថ្នាក់ទី៩ និងទី១២ នៃវិទ្យាល័យក្នុងស្រុកមេសាង បានបន្តទទួលជ័យលាភីសិស្សពូកែទូទាំងប្រទេសក្នុងការប្រឡងរៀបចំដោយក្រសួងអប់រំ។ សម្ដេច បន្តថា «នេះជាកិត្តិយសដ៏ធំធេងទាំងរបស់ក្មួយៗក៏ប៉ុន្តែក៏ជាកិត្តិយលោកគ្រូ អ្នកគ្រូដែលបង្រៀនយើង ហើយក៏ជាកិត្តិយសឪពុកម្ដាយ កិត្តិយសក្រុមគ្រួសារហើយក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែងរបស់យើងផងដែរ»។ ដើម្បីជាការលើកទឹកចិត្ត សម្ដេច បានប្រកាសឧបត្ថម្ភសិស្សជ័យលាភីម្នាក់ៗ ៥សែនរៀល និងវិទ្យាល័យមានសិស្សជាប់ជ័យលាភី ១លានរៀល។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឡើងទៀតថា ប្រជាពលរដ្ឋស្រុកមេសាង ក៏មិនខុសពីស្រុកដទៃទៀត នៃខេត្តព្រៃវែង និងទូទាំងប្រទេសដែរ គឺបានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ពិសេសចូលរួមធ្វើឱ្យដំណើរការការបោះឆ្នោតឃុំ សង្កាត់ បានប្រព្រឹត្តទៅដោយសុវត្ថិភាពទាំងស្រុង គ្មានអំពើហិង្សាគ្មានឃាតកម្មនយោបាយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ