សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ
September 27, 2022    អ្នកទស្សនា :

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអនុញ្ញាតជូនឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជារួមរវាង ក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែផ្ដល់កិច្ចសហការដល់ល្អជាមួយគ្នា ទៅវិញ ទៅមក ក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន បានការគាំទ្រជាជំនួយផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ធ្វើឱ្យកម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ រហូតធ្វើឱ្យបើកដំណើរការសកម្មភាពនានាសង្គមត្រូវបានបើកដំណើរការឡើងវិញដូចពេលបច្ចុប្បន្ន។ សម្ដេច ក៏សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់ និងរឹងមាំថែមទៀត តទៅអនាគត។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណ និងសូមយកឱកាសនេះ ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងសន្តិសុខសាធារណចិនជូនចំពោះ សម្ដេចក្រឡាហោម,  ឯកឧត្តម ក៏សូមថ្លែងអំណរគុណ និងក៏អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជា រវាងក្រសួងមហាផ្ទៃជាមួយ ក្រសួងសន្ដិសុខសាធារណៈចិន។

ឯកឧត្តម ក៏សូមអបអរសាទរផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅក្នុងកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដើម្បីបម្រើដល់ផលប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជនរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ជាកិច្ចបន្ដ សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតអំពីបច្ចុប្បន្ន និងលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងរយៈពេលចុងក្រោយនេះ។ សម្ដេច ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការនេះ ជាមួយកិច្ចសហការជាមួយនឹងអាជ្ញាធររបស់ភាគីមិត្តចិន ព្រមទាំងបណ្ដាភាគីមិត្តក្នុងតំបន់ទាំងអស់ ក្នុងនោះដែរ ដើម្បីជំរុញដំណើរការការងារនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតនូវយុទ្ធនាការសំខាន់ៗ រួមមាន៖ ការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់, ក្រុមការងារប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យ ហត្ថពលករបរទេសកំពុងបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ជូន ឯកឧត្តម ឯកអគ្គរាជទូតផងដែរថា កម្ពុជាផ្ទាល់ ក៏ជាអ្នករងគ្រោះដោយសារការឆ្លៀតឱកាសកេងយកប្រយោជន៍អំពីចំណុចខ្វះខាតមួយចំនួនរបស់កម្ពុជា ពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។ សម្ដេច ក៏អរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទនេះនាពេលកន្លងមកជាមួយភាគីចិន។

សម្ដេចក្រឡាហោម ក៏បានស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានរំលឹកថា កាលពីពេលថ្មីៗនេះដែលមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន សម្ដេចក៏បានលើកឡើងបញ្ហានេះទៅកាន់អង្គប្រជុំ និងបានគូសបញ្ជក់អំពីសារៈសំខាន់នៃការរួមគ្នាឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន បង្ក្រាប ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃលើករណីនេះ និងបានអរគុណសម្ដេចក្រឡាហោម ដែលបានបង្កើតក្រុមការងារនិងមធ្យោបាយនានា សម្រាប់ស្ថានទូត ឬអ្នកពាក់ព័ន្ធអាចផ្ដល់នូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងដែនផ្សេងៗដើម្បីមានកិច្ចអន្តរាគមន៍។

ឯកឧត្តម វ៉ាង វិនធាន ក៏បានជម្រាបជូនសម្ដេចដែរថាស្ថានទូតចិនបានធ្វើការងារនេះ ដោយបន្តជំរុញការផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅដល់បណ្ដាញផ្សព្វផ្សាយ ក៏ដូចជាសាធារណជននានាឱ្យបានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាតាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រព័ន្ធទូរសព្ទHot Line ដែលបានផ្សព្វផ្សាយកន្លងមក។

ឯកឧត្តម បានថ្លែងអំណរគុណការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសូមអរអបសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណការប្ដេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនេះ ដោយចាត់ទុកថាជាមូលដ្ឋានរឹងមាំនិងសំខាន់មិនអាចខ្វះបាន ដើម្បីរួមគ្នាក្នុងក្នុងបេសកកម្មនេះ ព្រមទាំងលុបបំបាត់ការផ្សព្វផ្សាយនានាដែលខុសពីភាពជាក់ស្ដែងនៅកម្ពុជា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ