សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមជាអធិបតីក្នុងការបិទ ”សន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត”
January 22, 2018    អ្នកទស្សនា :

នារសៀលថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបិទ “សន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត” ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមក្នុងពិធីនេះផងដែររួមមាន ឯកឧត្តម អគ្គនាយករង ឯកឧត្តម អគ្គាធិការដ្ឋានរង លោកប្រធាន អនុប្រធាននាយកដ្ឋាន លោកស្នងការ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ទាំង២៥ រាជធានី ខេត្ត លោកអធិការនគរបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាតំណាងមកពី ស្ថាប័នពាក់ព័ន្ធនានា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការអានរបាយការណ៍បូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្មឆ្នាំ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត គោរពជូន សម្តេចក្រឡាហោម និងអង្គសន្និបាតទាំងមូលជ្រាបដូចខាងក្រោម៖
១.ក្របខណ្ឌគោលនយោបាយ និងច្បាប់
២.ការរៀបចំច្បាប់ និងលិខិតបទដ្ឋាន
៣.លទ្ធការងារតាមវិស័យ
៤.និងទិសដៅការងារបន្តនៃអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងពិធីសន្និបាតនោះ សម្តេចក្រឡាហោម បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានកោតសរសើរ និងសម្តែងនូវសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត។ ហើយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានសម្រេចនូវសមិទ្ធផលជាយុទ្ធសាស្ត្រ និងលទ្ធផលការងារចម្បងៗជាច្រើនជូនក្រសួងមហាផ្ទៃ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ និងជាការជួបជុំលើកទី១នៃគ្រួសារអត្តសញ្ញាណកម្ម ចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមក។ 

ការចុះអត្តសញ្ញាណកម្មគឺជាការងារសាមញ្ញបំផុតក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ប៉ុន្តែក៏ត្រូវគ្រប់គ្រងទិន្នន័យព័ត៌មានអំពីប្រជាជនយ៉ាងសុក្រឹត្យដែរ ព្រោះជាហេដ្ឋារចនាសម្ព័ន្ធគ្រឺះនៃការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងបានរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេស e-Government ។ ថ្មីៗនេះ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ)ក៏បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម សមិទ្ធផល និងបញ្ហាប្រឈមនៃការងារអត្តសញ្ញាណកម្មក្នុងរយៈពេល០៣ឆ្នាំកន្លងមកដែរ។

សម្តេចក្រឡាហោម ក៏បានរំពឹងទុកថា លទ្ធផលការងារអត្តសញ្ញាណកម្ម គឺជាការបង្កើតបណ្តុំទិន្នន័យព័ត៌មានអំពីបុគ្គល និងប្រជាជនប្រកបដោយភាពសុក្រឹត្យ អាចកំណត់បាននូវអត្តសញ្ញាណបុគ្គល អាសយដ្ឋានអចិន្ត្រៃយ៍ ទីសំណាក់ ហើយទិន្ន័យនេះនឹងអាចយកទៅប្រើប្រាស់សម្រាប់បម្រើគោលដៅលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ រួមទាំងការរៀបចំបញ្ជីឈ្មោះបោះឆ្នោត។

ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ គឺធ្វើឡើងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ដោយរាជរដ្ឋាភិបាលសម្រេចទទួលយកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងការងារអត្តសញ្ញាណកម្មពីប្រព័ន្ធចុះបញ្ជីដោយដៃ ទៅជាប្រព័ន្ធចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយការងារនេះអាចធ្វើទៅបានក៏ត្រូវការរៀបចំក្របខណ្ឌច្បាប់គាំទ្រមួយដែលមានស្តង់ដារ។
ក្នុងនោះ សម្តេចក៏បានដាក់នូវវិធានការអនុវត្តមួយចំនួនដូចខាងក្រោម៖
១.អគ្គនាយកអត្តសញ្ញាណកម្ម ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន ដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់
២.លើការងារអត្រានុកូលដ្ឋាន ដោយអគ្គនាយកអត្តសញ្ញាណកម្ម និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ត្រូវសហការជាមួយអភិបាលរាជធានី ខេត្ត ធ្វើការតាមដានត្រួតពិនិត្យការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានឱ្យបានម៉ត់ចត់បំផុត
៣.ចំពោះការស្នាក់នៅ អគ្គនាយកអត្តសញ្ញាណកម្ម អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវបន្តគាំទ្រនិងផ្តល់ការណែនាំឱ្យបានជាក់លាក់ដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ
៤.ត្រូវពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាប្រកបដោយគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋមានការពេញចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ
៥.ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អគ្គនាយកអត្តសញ្ញាណកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ត្រូវជម្រុញការរៀបចំ សម្រង់បញ្ជីឈ្មោះអ្នកដែលមានអាយុពី១២ឆ្នាំឡើង ដើម្បីម្ចាស់ការក្នុងការធ្វើផែនការផ្តល់អត្តសញ្ញាណកម្មសញ្ជាតិខ្មែរជាអចិន្ត្រៃ
៦.ការផ្តល់លិខិតឆ្លងដែន អគ្គនាយកអត្តសញ្ញាណកម្មត្រូវខិតខំបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករកម្ពុជាទៅធ្វើការនៅបរទេសស្របច្បាប់
៧.ជម្រុញការដាក់ឱ្យដំណើរការប្រព័ន្ធសាកល្បងចុះបញ្ជីការងារអត្តសញ្ញាណកម្មនៅខេត្តកំពត និងខេត្តកែប
៨.ក្រៅពីការងារអត្តសញ្ញាណកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ បន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងច្បាប់ចរាចរ ដោយមន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ។ 

ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានកោតសរសើរដល់អគ្គនាយកអត្តសញ្ញាណកម្ម រដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ដែលបានបំពេញការងារល្អជូនក្រសួងមហាផ្ទៃ និងសូមជូនពរអង្គសន្និបាតទាំងអស់ជួបពុទ្ធពរ០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ សូមប្រកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល០៣ឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ត តទៅ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ