សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ
December 07, 2022    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង”។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ច.គ បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការបំពាក់កាមេរ៉ាតាមដងផ្លូវ រួមនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ឱ្យបានគ្រប់គ្រាន់ ដោយការបញ្ចូលក្នុងគម្រោងចំណាយ នៃការកសាង ឬការថែទាំផ្លូវថ្នល់ ឬកៀរគររកជំនួយពីវិស័យឯកជនជាដើម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានស្នើដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ-សិល្បការនី គ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជនបន្តអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ