សម្តេចក្រឡាហោម ស ខេង  បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ និងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ឆ្នាំ២០១៨
February 05, 2018    អ្នកទស្សនា :

នារសៀលថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ អ.ជ.ប.គ.ញ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ឆ្នាំ២០១៨។ កិច្ចប្រជុំសន្និបាតនេះ រៀបចំឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរយៈពេលមួយថ្ងៃពេញ ។

ប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានឡើងធ្វើបទអន្តរាគមន៍លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានមតិស្វាគមន៍ និងរាយការណ៍នូវសកម្មភាព និងស្ថានភាពប្រជុំសន្និបាតគោរពជូន សម្តេចក្រហោម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី  ជ្រាប និងបានសំណូមពរដល់សម្តេចនូវចំណុចដូចខាងក្រោម៖
១. សំណើសុំឱ្យមានបន្តជាលើកទី៣ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨
២. ណែនាំថ្នាក់រាជធានីខេត្ត បង្កើតគណៈកម្មាធិការ(ជាសំណើ) ក្នុងការពង្រឹងការព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមថ្នាក់មូលដ្ឋានបន្ថែមទៀត
៣. យោងតាមមាត្រា១០០ នៃជំពូក៦ នៃច្បាប់ស្តីពី “គ្រឿងញៀន” ក្នុងការព្យាបាលអ្នកញៀនជាបន្ទុករបស់រដ្ឋ ដូច្នេះសុំឱ្យមានប័ណ្ណសមធម៌ដល់អ្នកញៀនថ្នាំដើម្បីព្យាបាលនិងស្តារនីតិសម្បទាដោយពុំគិតថ្លៃ
៤. ស្នើឱ្យមន្ត្រីបច្ចេកទេសបន្ថែមទៀតនៅក្រុងបាវិត
៥. ស្នើសុំឱ្យសាលាជំរះក្តីគ្រប់ជាន់ថ្នាក់ពន្លឿននីតិវិធីក្នុងការជំរះក្តីនៃអ្នកញៀនគ្រឿងញៀន ដើម្បីចាត់ចែងទ្រព្យសម្បត្តិទៅតាមនីតិវិធីហិរញ្ញវត្ថុ
៦. ស្នើក្រសួងយុត្តិធម៌ជួយពិនិត្យ សិក្សាវាយតម្លៃ នូវទ្រព្យសម្បត្តិ ដើម្បីជៀសវាងការខូចខាត
ក្នុងឱកាសសន្និបាតនេះផងដែរ សម្តេចក្រឡាហោម បានថ្លែងសុន្ទរកថា ដោយសោមនស្សរីករាយ ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ) ព្រមជាមួយការបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ របស់រាជរដ្ឋាភិបាលនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនសម្តេចផ្ទាល់ សូមសម្តែងនូវការអបអរសាទរចំពោះលទ្ធផលនៃអង្គសន្និបាត និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ន អង្គភាណសមាជិក និងគនៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី ខេត្ត ព្រមទាំងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ អនុវត្តនូវរាល់ទិសដៅដែលបានដាក់ចេញកាលពីឆ្នាំ២០១៦កន្លងទៅ ជាពិសេសបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល០១ឆ្នាំ២០១៧កន្លងទៅ រហូតសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទកភាព និងសូមគាំទ្រទាំងស្រុងរាល់ទិសដៅដែលអង្គសន្និបាតបានដាក់ចេញសម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៨នេះ។ ជាការពិត លទ្ធផលទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមនិងគាំទ្រយ៉ាងសកម្មផុសផុលពីគ្រប់សមាសសភាពនៃសង្គម និងស្ថាប័នពាក់ព័ន្ធទាំងអស់។

ក្នុងនាមរដ្ឋាភិបាល សម្តេចក៏បានធ្វើការណែនាំចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន អង្គភាព គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដូចតទៅ៖
១. គ្រប់ក្រសួង ស្ថាប័ន អង្គភាព គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាអាទិភាព ត្រូវដោះស្រាយ និងបន្តគោលដៅសម្រាប់ឆ្នាំ២០១៨ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ របស់រាជរដ្ឋាភិបាល
២.ចំពោះការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ក្រសួង ស្ថាប័ន អង្គភាព គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តសកម្មភាពឱ្យបានកាន់តែសកម្ម និងផុសផុលថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ ដើម្បីផ្សព្វផ្សាយឱ្យបានទូលាយអំពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន។

៣.ចំពោះការងារព្យាបាល និងស្តារនីតិសម្បទា អាជ្ញាធរជាតិ ពិសេសគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការសំខាន់ៗ ដូចជា សេវាព្យាបាល និងស្តានីតិសម្បទា នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមណ្ឌលបណ្តោះអាសន្នទាំងរដ្ឋនិងឯកជនឱ្យបានល្អបំផុត
៤.ចំពោះការងារអនុវត្តច្បាប់ គ្រប់អង្គភាពពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើសកម្មភាពឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការប្រមូលព័ត៌មាន ស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ទេមានប្រសិទ្ធភាព ពិសេសការចរាចរគ្រឿងញៀនឆ្លងប្រទេសតែម្តង
៥. ចំពោះក្រសួងយុត្តិធម៌ ត្រូវបន្តខិតខំជម្រុញស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធីនៃការកាត់ក្តីបទល្មើសគ្រឿងញៀន ដើម្បីឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានលទ្ធភាពប្រើប្រាស់ស្របតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន
៦. ចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយ “ភូមិឃុំមានសុវត្ថិភាព” ព្រមទាំងផែនការផ្សេងៗ
៧. ត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខណ្ធទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិ ពិសេសជម្រុញឱ្យមានកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីឈានដល់ការកសាងភូមិ ស គ្មានគ្រឿងញៀន
៨. អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តកិច្ចសហការជាមួយសមភាគី ថៃ ឡាវ និងវៀតណាម ដើម្បីកសាងភូមិ ស គ្មានគ្រឿងញៀន
៩. ដើម្បីរក្សាសមិទ្ធផលនេះ លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវរៀបចំលិខិតស្នើសុំទៅរាជរដ្ឋាភិបាល បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ជាបន្តទៀត។

ជាទីបញ្ចប់ ជាមួយនិងការប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមជាមួយនិងការបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ របស់រាជរដ្ឋាភិបាលនាពេលនេះ សម្តេចក្រឡាហោម បានជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជួបតែនឹងពុទ្ធពរទាំង០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ