អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២
January 25, 2023    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន-សមាជិក-សមាជិការ នៃគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC អភិបាល-អភិបាលរងរាជធានី-ខេត្ត ស្នងការនគរបាលររាជធានី-ខេត្ត កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ស្វាគមន៍ដល់សមាជិក សមាជិកានៃអង្គពិធីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបទបង្ហាញសង្ខេបពីផែនការ របស់គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ស្ដីពីកិច្ចការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ថា ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម ត្រូវប្រើប្រាស់កងកម្លាំងសរុបចំនួន ២៣.៧៥១នាក់។ ឯកឧត្តម អគ្គស្នងការង បន្ដថា ក្នុងចំណោមកងកម្លាំង ចំនួន ២៣.៧៥១នាក់ នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ មានចំនួន ១៣.០០៣នាក់, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន ១២០នាក់, កងរាជអាវុធហត្ថ ចំនួន ៥.០៩១នាក់, បញ្ជាការដ្ឋានអង្គរក្ស ចំនួន ២.៨៨៨នាក់, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំនួន ៣៤៦នាក់, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ ចំនួន ៨៩នាក់, បញ្ជាការដ្ឋានកងពលតូចអន្ដរាគមន៍លេខ៧០ ចំនួន ៣០០នាក់, បញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១៩៥នាក់, បញ្ជាការដ្ឋានកងទ័ពជើងអាកាស ចំនួន ៥៥នាក់, ការិយាល័យទី២ កងទ័ពជើងគោក ចំនួន ៣៥នាក់, អាជ្ញាធរអាកាសចរណ៍ស៊ីវិល ចំនួន ១០០នាក់, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ចំនួន ៣០នាក់, ក្រសួងសុខាភិបាល ចំនួន ១.0១២នាក់, អគ្គិសនីកម្ពុជា ចំនួន ៨២នាក់, សន្ដិសុខឯកជន ចំនួន ៤០៥នាក់។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់កងកម្លាំង មានសមត្ថកិច្ចថា គោលបំណងទីមួយ ត្រូវធានាដាច់ខាតនូវ សុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម នៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា គោលបំណងទីពីរ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា ព្រឹត្តិការណ៍កីឡា គឺផ្សារភ្ជាប់ជាមួយនយោបាយ កិត្យានុភាពប្រទេសជាតិ និងប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ ត្រូវការសហការគ្នា ពង្រឹងសុវត្ថិភាព និងសន្ដិសុខ ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេមខាងមុខ ជាពិសេស អាជ្ញាធររាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងពួកឧបាយកលអមិត្តនានាជាដើម។

ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំបន្ថែមដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវធានាសន្ដិសុខជាតិ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣ ព្រមទាំងពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចូលរួមការប្រកួត ៤០ប្រភេទកីឡា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ