សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកសន្និសីទជាតិ​ ស្តីពីកំណែទម្រង់វិមជ្ឍការ​ និងវិសហមជ្ឈការ
February 21, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកសន្និសីទជាតិ ស្តីពី កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ “មេរៀនបទពិសោធន៍ បញ្ញាប្រឈម និងចក្ខុវិស័យទៅអនាគត” ។ សន្និសីទនេះដែរ គឺមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ន អង្គការនានា និងមន្ត្រីថ្នាក់ជាតិ ក្រោមជាតិ ជាច្រើនរូប។
ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម បានមានមតិសំណេះសំណាល និងបានធ្វើសុន្ទរកថាបើកស្និសិទជាតិថា សន្និសីទនេះ មានគោលបំណងបីគឺ៖
១.ការផ្សព្វផ្សាយ និងការណែនាំអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨របស់គ.ជ.អ.ប និងផែនការអនុវត្តបីឆ្នាំ ដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

២. ការរួមគ្នាពិនិត្យមើលឡើងវិញ នូវលទ្ធផល មេរៀន បទពិសោធន៍ដែលយើងទទួលបាននៃផែនការកំណែទម្រង់ជិតពីរសតវត្សរ៍កន្លងមក ព្រមទាំងពិនិត្យវាយតម្លៃបញ្ហាប្រឈម និងការពិភាក្សាកំណត់វិធីដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ ដើម្បីជម្រុញនៃកិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះ ឱ្យបោះជំហានទៅមុខបន្តទៀត។

៣. ការរួមគ្នាកំណត់ពីពហុវិស័យនៃការកំណែទម្រង់ក្នុងដំណាក់កាលនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការប្តេជ្ញាចិត្ត នយោបាយ និងការឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលធំចម្បងៗ ក្នុងសមាសភាពនានា ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សម្តេចក្រឡាហោម បានបន្តទៀតថា ដើម្បីសម្រេចនូវភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ អង្គសន្និសីទទាំងមូលត្រូវខិតខំពិភាក្សាដោយការយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ព្រោះយើងមានរយៈពេលពីពីរថ្ងៃក្នុងការសិក្សាស្វែងរកវិធី ក៏ដូចជាដំណោះស្រាយផ្សេងៗក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង និងស្វែងរកគំនិតល្អៗក្នុងការអនុវត្តការឱ្យបានទទួលជោគជ័យក្នុងឆ្នាំ២០១៨នេះ និងទទួលបានលទ្ធផលរំពឹងទុកច្រើនជាងឆ្នាំកន្លងទៅ។

ជាចុងបញ្ចាប់ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ និងបណ្តាអង្គការសង្គមស៊ីវិល ដែលផ្តល់ការគាំទ្រក្នុងវិស័យនេះ ឱ្យជួបតែពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងប្រកាសបើកសន្និសីទជាតិ ស្តីពី កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ “មេរៀនបទពិសោធន៍ បញ្ញាប្រឈម និងចក្ខុវិស័យទៅអនាគត” ចាប់ពីពេលនេះតទៅ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ