សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ​ពិនិត្យរបាយការណ៍លទ្ធផលសិក្សាស្រាវជ្រាវ លើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល
March 28, 2023    អ្នកទស្សនា :

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប គោរពជូនសម្តេច ព្រមទាំងអង្គប្រជុំទាំងមូលបានជ្រាប ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លើកឡើងថា ក្រុមការងារចុះស្រាវជ្រាវ បានចុះប្រតិបត្តិការសិក្សាស្រាវជ្រាវ ចាប់ផ្តើមដំណើរការអស់រយៈពេល៦ខែ ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានជ្រើសរើសយកប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៣៨ប៉ុស្តិ៍ តាមភូមិសាស្ត្រ ២៥រាជធានី-ខេត្ត ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ដែលក្នុងនោះក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែង ព្រមទាំងជួបពិភាក្សាជាមួយមេឃុំ-ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ ប្រធានក្រុម ប្រជាការពារ នាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បានសរុបចំនួន ៣.៧៧០នាក់ (ស្រី ៤៨៧នាក់)។

លើសពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា តាមរយៈការចុះសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យអំពីវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ១៣៨ប៉ុស្តិ៍ លើ ១.៦៥២ប៉ុស្តិ៍ បានពិនិត្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការបង្កលក្ខណៈជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចជាការដាក់ចេញនូវគោលការណ៍ វិធានការ និងផែនការជំនាញសំខាន់ៗ តម្រង់ទិសការងារបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព លើកទឹកចិត្តជំរុញឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាល មានឆន្ទៈក្នុងការខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវ។

ឆ្លៀតឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់។ ដោយសម្តេចក្រឡាហោម បានបញ្ជាក់ថា ការៀបចំក្រុមការងារនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាល នៅទូទាំងប្រទេស។

ដោយឡែកចំពោះការសាងសង់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមរាជធានី-ខេត្ត សម្តេចក្រឡាហោម បានណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាពជាក់ស្តែងដើម្បីសម្រួលក្នុងការសាងសង់ប៉ុស្តិ៍នគរបាលសម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់គុណភាពការងារ និងមាននិរន្តរភាពការងារប៉ុស្តិ៍នគរបាលផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ