ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ខណៈដែលសម្រេចបាន៨០%
March 29, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃទីពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ខណៈដែលសម្រេចបាន៨០% នៃទំហំការងាររួមតាមកិច្ចសន្យា ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុនសាងសង់ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍លើកឡើងថា តាមគម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ លើសពីនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បាន ណែនាំក្រុមហ៊ុនសាងសង់ត្រូវរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀតឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាតផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ថែមថា ក្រោយអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ ត្រូវទាមទារឱ្យមានការចូលរួមថែទាំយ៉ាងម៉ត់ចត់បំផុតចំពោះអគារទាំងមូល។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីដំណើរការសាងសង់ ជូនអង្គប្រជុំទាំងមូលជា្របថា លទ្ធផលសរុបជារួម អគារនេះសម្រេចបាន ៨០% ធៀបនឹងកិច្ចសន្យា។ លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ក្រុមហ៊ុន ឱ្យជំរុញការងារប្រក់ក្បឿងឱ្យបានឆាប់រហ័ស ព្រោះអាចនឹងមានភ្លៀងកក់ខែ ហើយក៏បានស្នើសុំក្រុមហ៊ុន បញ្ចប់ការងារតាមជាន់នីមួយៗឱ្យបានឆាប់ ដើម្បីផ្ដល់លទ្ធភាពឱ្យបណ្ដាអង្គភាព ត្រៀមផ្លាស់ចូលរៀបចំការិយាល័យធ្វើការជាបណ្ដើរៗ។ សម្រាប់ទិសដៅបន្ដក្នុងការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានណែនាំក្រុមហ៊ុនសាងសង់ឱ្យបញ្ចប់ការងារមួយចំនួនឱ្យបានលឿន ដែលរួមមាន៖ ដេគ័រសាលប្រជុំជាន់ផ្ទាល់ដី និងអនុវត្តការងារដេគ័រជាន់ទី៩, បញ្ចប់ការងារលាបថ្នាំខាងក្រៅ និងខាងក្នុងអគារ, បញ្ចប់ការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព នៅគ្រប់ជាន់, បញ្ចប់ការងារដំឡើងឧបករណ៍ជណ្ដើរយន្ដគ្រប់ប្រភេទ ម៉ាស៊ីនត្រជាន់ និងឧបករណ៍ សម្ភារបន្ទប់ទឹក ព្រមទាំងបញ្ចប់ការងារក្រាលការ៉ូគ្រប់ជាន់ ជាដើម។

ទន្ទឹមនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារសាងសង់ និងត្រូវធ្វើការចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានស្តង់ដារ និងសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឱ្យសំណង មានភាពរឹងមាំផងដែរ។ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់។

សូមរំលឹកដែរថា អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ