សម្ដេចក្រឡាហោម ស ខេង អញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
April 28, 2023    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់ បានទស្សនាសារមន្ទីរនៃសាកលវិទ្យាល័យ ដែលបានបង្ហាញពីការកសាង ការបង្កើតសាកលវិទ្យាល័យតាំងពីដំបូងរហូតដល់ពេលបច្ចុប្បន្ន និងបានបង្ហាញពីការវិវឌ្ឍន៍សាកលវិទ្យាល័យរហូតមកដល់បច្ចុប្បន្នផងដែរ។

ដំណើរទស្សនកិច្ចនេះដែរ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីលោកជំទាវ ZENG HAIYAN លេខាធិការគណៈកម្មាធិការបក្សប្រចាំសាកលវិទ្យាល័យ និងលោក Cao Shi Quan លេខាធិការបក្សរង និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបពិភាក្សានាឱកាសនោះ លោកជំទាវ ZENG HAIYAN បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា មានមិត្តភាពជាយូរលង់ណាស់មកហើយ និងថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាទំនាក់ទំនងគំរូមួយលើឆាកអន្តរជាតិ។ លោកជំទាវបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេច នាឱកាសនេះ ទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងឈានឡើងកម្រិតថ្មីមួយទៀត។

លោកជំទាវ បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យបង្ក្រាបបទល្មើសឧក្រិដ្ឋកម្ម ការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ព្រមទាំងបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

លោកជំទាវ បន្តថា គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា តែងបានអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិផ្ដួចផ្ដើមដោយសាកលវិទ្យាល័យចិន និងថាសាកលវិទ្យាល័យក៏បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជាចំនួន ១១វគ្គ ស្មើនឹងមន្រ្តីជាង ១០០នាក់ លើការងារពង្រឹងការអនុវត្តច្បាប់ និងតែងតែជ្រើសរើសមន្រ្តីនគរបាលកម្ពុជាចំនួន១១នាក់ មកសិក្សានៅក្នុងសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមតិដ៏មានតម្លៃរបស់លោកជំទាវ។ សម្ដេចបន្តថា បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើតឡើងប្រមាណ២០ឆ្នាំ ជារយៈពេលខ្លីមួយបើធៀបនឹងសាកលវិទ្យាល័យសន្តិសុខសាធារណចិន។ សម្ដេចបន្តថា បណ្ឌិត្យសភាក៏មានទំនាក់ទំនងជាមួយសាលានគរបាល នៃប្រទេសមួយចំនួនផងដែរ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តី។

សម្ដេចក្រឡាហោម ស ខេង ក៏បានឯកភាពចំពោះការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈវេទិកាអន្តរជាតិនានា រវាងមន្រ្តីនគរបាលកម្ពុជា និងចិន រួមទាំងជាមួយមន្រ្តីនគរបាលប្រទេសផ្សេងទៀត។ សម្ដេចក៏បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា ដែលមានការធ្លាក់ចុះច្រើននារយៈពេលចុងក្រោយ។

សម្ដេចបន្តថា បទល្មើសនេះ ជាង៩០ភាគរយ ប្រព្រឹត្តិឡើងដោយជនបទេសដែលយកទឹកដីកម្ពុជា​ ដើម្បីប្រព្រឹត្តិសកម្មភាពឆបោក ឬអូសទាញជនជាតិដូចគ្នា។ សម្ដេចបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍នៃការបង្ក្រាបបទល្មើសនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសពាក់ព័ន្ធពិតជាមានសារៈសំខាន់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ