ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ ជូនឯកឧត្តមប្រធានគណៈអធិបតី និងអង្គពិធី ពីចំណុចខ្លាំង ចំណុចខ្សោយ និងលទ្ធផលដែលអត្តពលិកក្រសួងមហាផ្ទៃ ប្រជែងបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ជាផ្លូវការថ្មីៗកន្លងទៅនេះ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈអធិបតី បានអនុញ្ញាតឱ្យប្រតិភូទទួលបន្ទុកតាមប្រភេទកីឡានីមួយៗ លើកឡើងពីបញ្ហានានា ដែលបានជួបប្រទះ អំឡុងដឹកនាំកីឡាករ កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលក្រសួងមហាផ្ទៃ ទទួលបានពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះសម្រាប់កម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ទៀតថា ជោគជ័យដែលទទួលបាននៅពេលនេះ ពិតជាពុំអាចខ្វះបានឡើយ នៅការរួបរួមសាមគ្គី និងការខិតខំប្រឹងប្រែងរបស់បងប្អូនកីឡាករ កីឡាការិនី ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីសហការី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រហូតធ្វើឱ្យវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ត្រូវបានគេទទួលស្គាល់ និងឱ្យតម្លៃ ព្រមទាំងទទួលបាននូវការកោតសរសើរពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ទាំងអស់នេះហើយ បានសរបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានកិច្ចប្រជុំ ក៏បានជំរុញបន្ថែមផងដែរ ដល់ប្រតិភូទាំងអស់ ដែលទទួលផែនតាមប្រភេទកីឡានីមួយៗ ត្រូវយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួន ពាក់ព័ន្ធនឹងការធ្វើរបាយការណ៍ និងលទ្ធផលនៃការប្រកួត ដើម្បីផ្តល់ជូនដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុក ដើម្បីរៀបចំចងក្រងជាឯកសារតម្កល់ទុកសិក្សាស្វែងយល់ទៅថ្ងៃក្រោយ អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់មន្ត្រីនគរបាលកម្ពុជា ដែលជាមោទកភាពរបស់បងប្អូនទាំងអស់គ្នា។
ចំនួនមេដាយមាស៣៥គ្រឿង មេដាយប្រាក់៣៤គ្រឿង និងមេដាយសំរឹទ្ធ៦៣គ្រឿង ដែលកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមបាននៅពេលនេះ គឹស្មើនឹង៤៦,៨ភាគរយ នៃមេដាយដែលកម្ពុជាទទួលបានសរុប ទាំងនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះអត្តពលិកជម្រើសជាតិ ដែលជាកីឡាកររបស់ក្រសួងមហាផ្ទៃ ដណ្តើមបានចំនួន ១៣២គ្រឿង (មាស៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធចំនួន៦៣គ្រឿង)។ បន្ថែមពីលើនោះ កីឡាការិនី ០១រូប របស់ក្រសួងមហាផ្ទៃ វរសេនីយ៍ត្រី ប៉ាល់ ឆរស៊្មី ជាប់ជាអត្តពលិកឆ្នើមបំផុត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយដណ្តើមបានមេដាយច្រើនជាងគេ (មេដាយមាស០៤ ប្រាក់០១ សំរឹទ្ធ០១គ្រឿង) លើប្រភេទវិញ្ញាសាកីឡាវ៉ូវីណាម៕
ប្រភព៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ