សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤
May 25, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្សតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ដ្រៃយ៍, អគ្គលេខាធិការ, សមាជិក សមាជិកា នៃ គ.ស.ច.គ, ប្រធានក្រុមប្រឹក្សា អភិបាលខេត្តកណ្ដាល និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច រដ្ឋបាលខេត្ត ក៏បានអនុវត្តដោយយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់លើការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម ស ខេង ធ្វើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២២ រក្សាបាននូវសន្តិសុខសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈបានល្អប្រសើរ ដែលបានធ្វើឱ្យបទល្មើសនានា មានការថយចុះចំនួន ៧៨% ធៀបនឹងឆ្នាំ២០២១, គួបផ្សំប្រតិបត្តិការ បង្ក្រាបទទួលបានខ្ពស់រហូតដល់ ៩៦%។ ឯកឧត្តម បន្ដថា ចំពោះការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងឆ្នាំ២០២២ ឃុំ សង្កាត់ ទទួលបានចំណាត់ថ្នាក់ប្រភេទ លេខ១ មានចំនួន ១១៨ឃុំ/សង្កាត់, ចំណាត់ថ្នាក់ប្រភេទលេខ២ ចំនួន ៩ឃុំ/សង្កាត់។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ជាមួយគ្នានេះ តាមរយៈការដាក់ចេញនូវយន្តការច្បាស់លាស់ ការដឹកនាំដ៏ម៉ឺង ម៉ាត់ និងម៉ត់ចត់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានធ្វើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកអនុវត្តយ៉ាងសកម្មលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់, ការត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស, ការបង្ក្រាបបទល្មើសល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាហេតុធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បញ្ជាក់ថា ទន្ទឹមនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋានរដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់អនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន តាមគោលការណ៍អភិបាលកិច្ចល្អ។

នាឱកាសនោះដែរ ឯកឧត្តម ប្រធានអនុគណៈកម្មការ គ.ស.ច.គ ខេត្ត បានឱ្យដឹងទៀតថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ កើតមានចំនួន ៣៣/៥៩លើក ថយចុះ ២៦លើក ស្មើ ៤៤% (កម្រិតស្រាលចំនួន ១៩/២០លើក)។ បណ្ដាលឱ្យស្លាប់ និងរងរបួសសរុបចំនួន ៥៧/១១២នាក់ (ស្រី១២/២៧នាក់)។ គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ដ្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់។ លើសពីនេះ សម្ដេច ក៏បានលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ មន្ដ្រីនៃក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរឹតបណ្ដឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចការងារសំខាន់ៗជាច្រើនទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះដើម្បីថ្លែងអំណរគុណ និងការកោតសរសើរចំពោះ អនុគណៈកម្មាធិការចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ទាំងអស់ ទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងអនុវត្តនូវច្បាប់ចរាចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាទីពេញចិត្តផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ ធៀបនឹងក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ១៥៤លើក ស្មើនឹង ១៣ភាគរយ (១.០១១/១.១៦៥លើក អ្នកស្លាប់បានថយចុះ ១៨០នាក់ ស្មើនឹង ២៦ភាគរយ (៥០២/៦៦២នាក់ អ្នករបួសបានថយចុះចំនួន ៣០១នាក់ ស្មើនឹង ១៨ភាគរយ (១.៣៦៣ លើ១.៦៦៤នាក់)។

ឆ្លៀតឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអង្គការជាតិ និងអន្ដរជាតិ បណ្ដាញសារព័ត៌មាន ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមអនុវត្តតាមការអំពាវនាវ ឬសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោល ក្នុងបំណងជំរុញការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សូមជម្រាបជូនដែរថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការរៀបចំប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នាពេលនេះ គឺដើម្បីបង្ហាញពីការចូលរួមជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសម្ដែងឆន្ទៈចូលរួមរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ របស់អង្គការសហប្រជាតិ។

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ