កិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា
May 08, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។
កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម លោកជទាវ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធាននាយកដ្ឋានក្រោមចំណុះ។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើង គឺមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមនិង ឬអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គម ហើយមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិច្បាប់ដោយឡែក ដែលចែងផ្សេងពីនេះ។
ដើម្បីធានាឱ្យមានការចូលរួមអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គ្រប់សមាគម អង្គការទាំងអស់ត្រូវចុះបញ្ជី និងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ និងត្រូវបើកគណនីសម្រាប់ប្រតិបត្តិការរបស់ខ្លួន ស្របតាមមាត្រា ១០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើមានការខកខានមិនបានបំពេញតាមលក្ខខណ្ឌដែលបានចែង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវទទួលវិធានការតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ច្បាប់ស្តីពីគណបក្សនយោបាយ មានគោលបំណងកំណត់បែបបទនិងល័ក្ខខ័ណ្ឌនៃការបង្កើត ការចុះបញ្ជីនិងការធ្វើសកម្មភាពរបស់គណបក្សនយោបាយក្នុងព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
យោងតាមព្រះរាជក្រមលេខ នស/ រកម/០៣១៧/ ០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ 
រដ្ឋសភាបានធ្វើវិសោធនកម្ម អនុម័តច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ 
ដូចតទៅ៖
-ចំណងជើងជំពូក៤ ត្រូវបានកែប្រែទៅជាជំពូក៤ថ្មី អង្គការនានា និងថ្នាក់ដឹកនាំរបស់គណបក្សនយោបាយ។
-ចំណងជើងជំពូក៩ ត្រូវបានកែប្រែទៅជាជំពូក៩ថ្មី វិធានការរដ្ឋបាល និងទោសបញ្ញតិ្ត។
-មាត្រា៦ មាត្រា១១ និងមាត្រា៤៥ថ្មី ត្រូវបានកែប្រែ និងត្រូវបានបន្ថែមមាត្រា៤៥ថ្មី(ស្ទួន)និងមាត្រា៤៨ថ្មី(ស្ទួន)។
បើយោងតាម មាត្រា -៦ថ្មី(ពីរ) នៃច្បាប់នេះ បានសរសេរថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោមៈ
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតីសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
៣. ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ។
៤. បង្កើតកងកម្លាំងប្រដាប់អាវុធ ។
៥. ធ្វើការញុះញង់ដែលអាចនាំឱ្យមានការបែងបាក់ជាតិ ។

ចំណែកមាត្រា ៤៤-ថ្មី(ពីរ) គណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី(ពីរ)នៃច្បាប់នេះ និងមាត្រា៧នៃច្បាប់ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេចដូចខាងក្រោម៖
-ផ្អាកសកម្មភាពគណបក្សនយោបាយ មិនលើសពី៥(ប្រាំ)ឆ្នាំ
-រំលាយគណបក្សនយោបាយនោះ។
ឯមាត្រា ៣៥-ថ្មី (ស្ទួន) បានចែងថា គណបក្សនយោបាយ ដែលត្រូវផ្អាកសកម្មភាព និងមិនត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។ ហើយត្រូវលុបចេញពីបញ្ជីគណបក្សនយោបាយឈរបោះឆ្នោះ ក្នុងករណីដែលគណបក្សនយោបាយនោះត្រូវបានផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយ ស្របតាមច្បាប់។
មាត្រា៤៨ ថ្មី(ស្ទួន) ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សនយោបាយជាឈ្មោះ ឬរូបភាពរបស់រូបវ័ន្តបុគ្គល ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឱ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់ននេះ ក្នុងរយៈពេល៩០(កៅសិប)ថ្ងៃ យ៉ាងយូរ គិតពីថ្ងៃដែលច្បាប់នេះចូលជាធរមាន៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ