សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកឧត្តម Sam Myers អនុរដ្ឋមន្ត្រី និងជាប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចសាកល ក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម
May 24, 2018    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យឯកឧត្តម Sam Myers  អនុរដ្ឋមន្រ្តី និងជាប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចសាកល ក្រសួងការបរទេសចក្រភពអង់គ្លេស ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនេះ ឯកឧត្តម Sam Myers  មានកិច្ចការមួយចំនួនដើម្បីពិភាក្សាគឺ៖ ទី១. មានបំណងចង់សម្តែងការសាទរចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងការជួញដូរសត្វព្រៃខុសច្បាប់។ ហើយឯកឧត្តម ក៏មានបំណងដើម្បីសម្តែងការកោតសរសើរ និងរៀនសូត្រពីបទពិសោធន៍ក៏ដូចជាភាពជោគជ័យផ្សេងៗដែលកម្ពុជាទទួលបានលើការប្រយុទ្ធប្រឆាំងនូវការជួញដូរសត្វព្រៃខុសច្បាប់។ 
ទី២. មានគោលបំណង ដើម្បីអញ្ជើញសម្តេច ចូលរួមសន្និសិទលើកទី៤ ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះ ដែលនិងប្រារព្ធធ្វើនៅទីក្រុងឡុងនៃចក្រភពអង់គ្លេស ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាដែលមានកន្លងមកទាំងលើក្របខណ្ឌច្បាប់ និងកិច្ចសហប្រតិបត្តការដែលភាគីកម្ពុជាមានជាមួយដៃគូផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។ 
ទី៣. ចង់ដឹងអំពីការអនុវត្តផ្សេងៗប្រកបដោយជោគជ័យរបស់ភាគីកម្ពុជា ក្នុងការទប់ស្កាត់ ឬក៏បំផ្លាញចោលនូវភ្លុកដំរីដែលនាំចូលពីទ្វីបអាហ្វ្រិចដែលកម្ពុជាចាប់បាន។ មួយផ្សេងទៀត ឯកឧត្តម Sam Myers ក៏បានលើកឡើងដែរថា នៅក្នុងសន្និសីទដែលគ្រោងនិងរៀបចំនៅទីក្រុងឡុងនាពេលខាមុខនោះ គឺវាពិតជាផ្តល់ឱកាសដល់ភាគីកម្ពុជាក្នុងការចែករំលែកនូវបទពិសោធន៍ផ្សេងៗបង្ហាញពីស្នាដៃផ្សេងៗក្នុងការថែរក្សា ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនិងការជួញដូរសត្វព្រៃខុសច្បាប់។ ទទឹមនោះដែរ ក៏ជាឱកាសមួយដែលអាចឲ្យក្រសួងមហាផ្ទៃកម្ពុជា អាចបង្ហាញអំពីតួនាទីរបស់ខ្លួនផ្ទាល់ដែលដឹកនាំកងកម្លាំងអនុវត្តច្បាប់ក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំង និងបង្ក្រាបនូវបទល្មើសជួញដូរសត្វព្រៃខុសច្បាប់ទាំងនោះ។ 
ជាការឆ្លើយតប សម្តេចក្រឡាហោម ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេសក្នុងការបង្កើតឲ្យមានសន្និសិទស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា កម្ពុជាក៏មានគោលនយោបាយគាំទ្រចំពោះការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះដែរ។ ក្នុងនោះសម្តេចក៏បានជម្រាបបន្ថែមជូនឯកឧត្តម Sam Myers  ផងដែរថា ប្រសិនបើភាគីចក្រភពអង់គ្លេសអាចផ្តល់នូវឯកសារពាក់ព័ន្ធមួយចំនួនមកដល់ភាគីកម្ពុជាដើម្បីធ្វើការពិនិត្យសិក្សាសម្រាប់ត្រៀមការចូលរួមសន្និសិទនោះ វាគឺពិតជារឿងប្រសើរណាស់ ដែលធ្វើឲ្យកម្ពុជាត្រៀមមានលក្ខណៈសមស្របសម្រាប់ចូលរួមចំណែកក្នុងកិច្ចពិភាក្សាផ្សេងៗនៅក្នុងសន្និសិទនោះ។ ទាក់ទងនិងការអញ្ជើញឲ្យទៅចូលរួមក្នុងសន្និសិទនោះ សម្តេចសូមថ្លែងអំណរគុណ ហើយសម្តេចពិតជាមានមោទនៈភាពណាស់ដែលទទួលបានការអញ្ជើញពីចក្រភពអង់គ្លេស។ សម្តេចនិងពិនិត្យឲ្យអស់លទ្ធភាពក្នុងការចូលរួមនៃការអញ្ជើញនេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ