សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលើកទី២
June 26, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ)លើកទី២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអង្គភាពពាក់ព័ន្ធនានា។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះដើម្បី៖

១. អនុម័តកំណត់ហេតុប្រជុំសាមញ្ញ លើកទី១ របស់គ.ជ.ដ.អ

២.ស្តាប់របាយការណ៍វឌ្ឍនភាពការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ សម្រាប់ឆមាសទី១ ឆ្នាំ២០១៨

៣. ពិភាក្សា ផ្តល់យោបល់ លើកគោលការណ៍ណែនាំសំខាន់ៗ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន។

លទ្ធផលដែលសម្រេចបាននៃកិច្ចប្រជុំរបស់ គ.ជ.ដ.អ រួមមានដូចខាងក្រោម៖

១. បានអនុម័តកំណត់ហេតុប្រជុំសាមញ្ញ លើកទី១ របស់ គ.ជ.ដ.អ

២. បានពិភាក្សា និងផ្តល់អនុសាសន៍មួយចំនួនលើ “គោលការណ៍ណែនាំ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន‌” រួមមាន៖

ក. បានឯកភាពលើគោលបំណងចម្បងៗទាំងបីគឺៈ (១).បំពេញកាតព្វកិច្ចជាអន្តរជាតិដើម្បីធានាឱ្យបានការចុះបញ្ជីអត្រានុកូលដ្ឋានទាំងអស់ (២).បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់បង្កើតប្រព័ន្ធគួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណប្រជាជនទាំងអស់ និង (៣).អនុញ្ញាតឱ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់គោលបំណងនៃការធ្វើផែនការ។

ខ. បានឯកភាពលើគោលការណ៍សំខាន់ៗមួយចំនួន ដែលចំណុចទាំងនេះបានកំណត់នៅក្នុងផែនការណ៍យុទ្ធសាស្ត្រស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ រួចហើយ រួមមាន៖ (១). ច្បាប់នឹងកំណត់តែគោលការណ៍ និងនីតិវិធីសំខាន់ៗ (២). គោលការណ៍ចុះបញ្ជីជាសកល និងជាកាតព្វកិច្ច (៣). គោលការណ៍ចុះបញ្ជីជាលក្ខណៈបន្តជាប់រហូត និងជាអចិន្ត្រៃយ៍ (៤). អត្តសញ្ញាណតែមួយសម្រាប់មនុស្សម្នាក់ (៥). អត្ថន័យនៃអត្តសញ្ញាណបុគ្គល (៦). ចុះបញ្ជីត្រូវមានកំណត់ត្រាផ្លូវការ (៧). ទិន្នន័យរួម និងការពង្រីកការប្រើប្រាស់ (៨). ការសម្ងាត់ និងសន្តិសុខទិន្នន័យ។

គ. ដោយឡែក មានចំណុចមួយចំនួនទៀតដែលនៅមានភាពស្រពិចស្រពិល ដែលចាំបាច់ត្រូវមានការពិភាក្សា ឱ្យបានច្បាស់លាស់បន្ថែមទៀត ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមមាន (១). ការចុះបញ្ជីជាសកម្មដើម្បីធានានូវភាពពេញលេញ (២). ប្រព័ន្ធវិមជ្ឈការដែលមានគណនេយ្យភាព (៣). ការផ្តល់ធនធានដោយនិរន្តរភាព (៤). តួនាទីរបស់អ្នកផ្តល់ព័ត៌មាន (៥). តួនាទីរបស់ IPIS (៦). តួនាទីតុលាការ (៧). លក្ខណៈសម្បត្តិមន្ត្រីអត្រានុកូលដ្ឋានមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា គោលបំណងចម្បងៗនៃការបង្កើតច្បាប់ថ្មីនេះ គឺ (១). បំពេញកាតព្វកិច្ចជាអន្តរជាតិដើម្បីធានាឱ្យមានការចុះបញ្ជីកំណើត មរណភាព អាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍អត្រានុកូលដ្ឋាននានា ដែលបានកើតឡើងនៅកម្ពុជា បានទាំងអស់ (២). បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់បង្កើតប្រព័ន្ធគួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាពក្នុងការកំណត់អត្តសញ្ញាណប្រជាជនទាំងអស់នៅកម្ពុជា និង (៣). អនុញ្ញាតឱ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹម និងទាន់ពេលវេលាសម្រាប់គោលបំណងនៃការធ្វើផែនការ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ