កិច្ចប្រជុំស្តីពីលទ្ធផលប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨
August 15, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) បានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី អគ្គស្នងការ ស្នងការនគរបាល រាជធានី ខេត្ត និងបណ្តាលស្ថានទូតប្រចាំនៅកម្ពុជា។
យោងតាមរបាយការណ៍ ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ស្តីពីលទ្ធផលប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៨នេះ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កត់សម្គាល់ឃើញថា វិនិយោគិននិងអ្នកទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា បានទទួលរងគ្រោះមានចំនួន ១៧៨ករណី (បើប្រៀបធៀបជាមួយត្រីមាសទី១ មាន១៤១ករណីកើនឡើង ៣៧ករណី) ភាគច្រើនដោយអំពើចោរកម្មលួច-ឆក់មានចំនួន ៧៧ករណី ស្មើនឹង ៤៣,២៥% មាន ៣៧សញ្ជាតិ ក្នុងនោះសញ្ជាតិច្រើនជាងគេគឺ ចិន៦១នាក់, វៀតណាម២២នាក់, បារាំង១៤នាក់, អង់គ្លេស១៣នាក់, អូស្ត្រាលី១១នាក់ ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ។ ក្រៅពីជនបរទេសរងគ្រោះ ក៏មានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨៨ករណី ឃាត់ខ្លួន៣៧៨នាក់ មាន២៥សញ្ជាតិ (បើប្រៀបធៀបជាមួយត្រីមាសទី១ មាន៥៥ករណី កើនឡើង៣៣ករណី) ភាគច្រើនបទល្មើសប្រើប្រាស់-ជួញដូរគ្រឿងញៀនមានចំនួន ១៧ករណី ស្មើនឹង ១៩,៣១% នៃចំនួនសរុប ៨៨ករណី ក្នុងនោះជនបរទេសប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន២៥៧នាក់, នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៥នាក់, ថៃ១២នាក់, កូរ៉េខាងត្បូង០៨នាក់ ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ។
សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) បានទទួលបណ្តឹងពីជនបរទេស និងស្ថានទូតចំនួន ០៨ករណី បានដោះស្រាយបញ្ចប់ ០២ករណី និងមិនទាន់បញ្ចប់មាន ០៦ករណី (សង្ស័យបង្ខាំងមនុស្សខុសច្បាប់០២ករណី, ចោរកម្ម០១ករណី ការស្នើសុំនានា០៣ករណី) ករណីដែលមិនទាន់បានបញ្ចប់នោះដោយសារមូលហេតុកំពុងស្ថិតក្នុងការសិក្សាស្រាវជ្រាវស៊ើបអង្កេត និងមួយចំនួនទៀតជនល្មើសរត់គេចខ្លួន។
ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកំណត់ទិសដៅអនុវត្តបន្ត ដូចជា៖ 
-  នាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត ស្រាវជ្រាវនឹងដោះស្រាយករណីបណ្តឹងដែលនៅសល់។
-  តាមដាន និងពង្រឹងវិធានការប្រមូលព័ត៌មានសន្តិសុខ សណ្តាប់ធ្នាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កាពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពគោលដៅនិវេសដ្ឋាន ស្ថានទូត មន្ត្រីការទូត វិនិយោគិន អ្នកទេសចរណ៍បរទេសនានាឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
-  ជួបប្រជុំ និងពិភាក្សាការងារជាមួយស្ថានទូត-ស្ថានតំណាងប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្តាប់សំណូមពរ និងដោះស្រាយបញ្ហានានា ជាមួយក្រុមហ៊ុន ភ្ញៀវទេសចរណ៍ជាដើម។
-  នាយកដ្ឋាន-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តពង្រឹងការអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរណ៍បរទេស អោយមានប្រសិទ្ធភាព ព្រមទាំងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ នៃឆ្នាំ២០១៨ ជាមួយអង្គភាពពាក់ព័ន្ធនានា នាពេលខាងមុខ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ