សម្តេចក្រឡាហោម​ ស​ ខេង​ អនុញ្ញាតអោយប្រតិភូសមាគម​ អា​ វី​អេហ្ស​ កម្ពុជា​-ចិន​ ចូលជួបសម្តែងការគួរសម
September 17, 2018    អ្នកទស្សនា :

នៅរសៀល ថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតអោយប្រតិភូសមាគម​ អា​ វី​អេហ្ស​ កម្ពុជា​-ចិន​ ដែលដឹកនាំដោយ​ លោក​ ស្រេង​ ហៀង​ ចូលជួបសម្តែងការគួរសម។

លោក ស្រេង ហៀង តំណាងអោយសមាគម អា វីអេហ្ស កម្ពុជា-ចិន បានជំរាបជូនសម្តេចក្រឡាហោមថា សមាគមនេះបង្កើតឡើងក្នុងគោលបំណងគាំពារលើវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសលើសុខភាពស្រ្តី ហើយជាក់ស្តែងបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងភូមិសាស្ត្រដែលមានភាពអំណោយផល សម្រាប់ទាក់ទាញភ្ញៀវទេសចរមក ទស្សនាតំបន់ទេសចរណ៍ជាច្រើន ហើយជាមួយការមកទស្សនានៅកម្ពុជានេះ ភ្ញៀវទេសចរទាំងនោះក៏អាចពិនិត្យ និងព្យាបាលព្រមគ្នា ដែលបច្ចុប្បន្នសេវានេះកំពុងពេញនិយមនៅប្រទេសមួយចំនួនរួមមាន ម៉ាឡេស៊ី និងថៃ ដែលពួកគេនិយមហៅថា ទេសចរណ៍សុខាភិបាល។ លោកបានជំរាបបន្តថា តាមរយៈគម្រោងផែនការ សម្រាប់ការផ្តល់កញ្ចប់សេវាសុខាភិបាលនេះដែរ ក៏ជាផ្នែកមួយក្នុងការជួយទាក់ទាញទេសចរពីបណ្តាលប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសចិន កូរ៉េ និងជប៉ុនជាដើម។ បន្ថែមលើសពីនេះសមាគមក៏បាននាំមកនូវអង្កចំនួន៥០តោនជូនដល់សម្តេចក្រឡាហោម ដើម្បីបែងចែកដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ផងដែរ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានគាំទ្រទាំងស្រុងចំពោះការបង្កើតអោយមានការផ្តល់សេវាសុខភាពដល់ស្រ្តីតាមរយៈសមាគមនេះ ដោយសម្តេចបានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចេញទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសជិតខាង ហើយប្រសិនគម្រោងនេះទទួលបានជោគជ័យ នឹងអាចជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋយើងផង និងក៏ជាផ្នែកមួយសម្រាប់កំណើនសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងការគាំទ្រនេះដែរ សម្តេចក្រឡាហោមបានស្នើរអោយសមាគម ត្រូវឈរលើកត្តាសំខាន់ពីរគឺ ១- ត្រូវប្រើប្រាស់ឧបករណ៍តាមបច្ចេកវិទ្យាទំនើប, និងទី២- វិជ្ជាជីវៈរបស់បុគ្គលិកបំពេញការងារផ្តល់សេវាផ្ទាល់គឺត្រូវមានគុណភាព។

ជាចុងបញ្ចប់ សម្តេចក្រឡាហោមបានគូសបញ្ជាក់ដែរថា ចំពោះអង្ករ៥០តោន ដែលសមាគមជូនសម្តេចនាពេលនេះ នឹងរៀបចំផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាកតាមស្ថានភាពជាក់ស្តែង និងអោយបានទាន់ពេលវេលា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ