ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា 
October 18, 2018    អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាធិបតី ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង នាទីស្តីការក្រសួងមហាផ្ទៃ។ 
     សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើង គឺដើម្បីជជែកផ្លាស់ប្តូរព័ត៌មានទៅវិញទៅមករវាងក្រសួងមហាផ្ទៃ និងគណៈកម្មការទី៤របស់រដ្ឋសភា ហើយស្វែងរកយន្តការដោះស្រាយបញ្ហាប្រឈមនានា ធ្វើយ៉ាងណា អនុវត្តកិច្ចការងារទទួលបានលទ្ធផលល្អប្រសើរ។ សម្ដេចក្រឡាហោមបានបញ្ជាក់ដែរថា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ក៏នឹងមានវិធានការចុះត្រួតពិនិត្យតាមដានសកម្មភាពការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដាក់ចេញដោយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីស្វែងរកបញ្ហាដែលមិនប្រក្រតី និងភាពអសកម្ម ហើយលើកយកបញ្ហាទាំងនេះជូនក្រសួងមហាផ្ទៃដោះស្រាយ។ សម្ដេចក្រឡាហោមបានបន្ថែមថា កិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងគណៈកម្មការទី៤នេះ នឹងមានជាបន្តបន្ទាប់ដែលអាចប្រព្រឹត្តិទៅនៅក្រសួងមហាផ្ទៃ ឬអាចនៅវិមានរដ្ឋសភាដែលអាស្រ័យលើស្ថានភាពជាក់ស្តែងផងដែរ។ 
     ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ដ៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ជូន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាផងដែរ ក្នុងនោះរួមមាន៖ ១-កិច្ចប្រតិបត្តិការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ, ២-ការងារអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន, ៣-ការងារអន្តោប្រវេសន៍, ៤-គ្រោះថ្នាក់ចរាចរណ៍ , ៥-ការគ្រប់គ្រងច្រកទ្វារព្រំដែន, ៦-ការងារវិមជ្ឈការ និងវិសហមជ្ឈការ, ៧-ការងារប្រជាធិបេតេយ្យនីយកម្ម, ៨-ការងារសង្គមស៊ីវិល, ៩-និងទិសដៅអនុវត្តការងារបន្ត៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ