សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនា លើកទី៧
December 06, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ សម្ដេចក្រឡាហោម ស ខេង នាយរដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកអង្គសិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា ក្នុងគោលបំណង ជជែកពិភាក្សាគ្នា ផ្លាស់គំនិតប្ដូរយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍សាសនានីមួយៗ ជៀសផុតពីគ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នានាក្នុងសង្គមកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើនជឿនលឿនសម្រាប់សង្គមជាតិខ្មែរទាំងមូល។
ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានថ្លែងគោរពនិងជម្រាបជូនសម្តេចក្រឡាហោម និងដល់អង្គវិធីទាំងមូលនេះថា សិក្ខាសាលាស្តីពីសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»នេះ ធ្វើឡើងដើម្បីពង្រឹងចំណងសាមគ្គីភាពរវាងសាសនានិងសាសនា ពិសេស ចង់ធ្វើឱ្យរស់ឡើងវិញនូវគ្រប់វិស័យ ក្នុងនោះមាន វិស័យសាសនា និងជំនឿ ដូចជា៖
១.វិស័យពុទ្ធសាសនា (ទាំងមហានិកាយ និងធម្មយុត្តិកនិកាយ) ២.វិស័យពាហិរសាសនា(ឥស្លាម គ្រីស្ទ..ជាដើម)។
ជាចុងក្រោយ ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ ចូលរួមផ្សព្វផ្សាយដល់សាសនិករបស់ខ្លួនអំពីគុណវិបត្តិនៃគ្រឿងញៀន និងបញ្ហាការគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្សេងៗទៀតរបស់រដ្ឋតាមការទេសនាអប់រំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងវិធីសាស្ត្រផ្សេងៗទៀតតាមគ្រប់រូបភាពដែលអាចធ្វើទៅបានប្រកបដោយប្រសិទ្ធិភាព ធ្វើយ៉ាងណាជួយគ្នាទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ និងជួយគា្នកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដោយធ្វើការកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំអង្គសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងកិត្យានុភាពនៃសុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសេរីភាពនៃជំនឿសាសនារបស់ប្រជាពលរដ្ឋលើឆាកជាតិ និងអន្ដរជាតិ។
សម្ដេច បានលើកឡើងទៀតថា ការអនុវត្តនូវគោលនយោបាយការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យសាសិកនៃសាសនានីមួយៗ នៅកម្ពុជាកាន់តែខិតចូលជិតគ្នា រវាងគម្លាតទាំងឡាយដែលមាននៅក្នុងផ្ទៃក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ និងកាន់តែបានផ្សាភ្ជាប់គ្នាជាមួយការគោរពដើរតាមមាគ៌ា នៃគោលនយោបាយរាប់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ហើយក៏បានសង្កត់ធ្ងន់ និងសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងផ្ដល់ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត បញ្ញាញាណ និងវិធានការដ៏ម៉ត់ចត់ និងសមស្របតាមការវិវត្ដន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទូយសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា។ ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឱ្យស្គាល់អំពើបុណ្យ និងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនរួចពីសេចក្តីទុក្ខពោលគឺ វៀរចាកអំពើទុច្ចរិត អកុសល ទោសៈ មោហៈ និងលោភៈ ឆ្ពោះទៅរកត្រើយនៃសេចក្តីស្ងប់សុខ។ 
ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានថ្វាយប្រគេន និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ រួមគ្នាជួយសង្គមជាតិ ពិសេសលើបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ និងសូមកុំឱ្យមានការរើសអើង ត្រូវយោគយល់គ្នា អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមក ដើម្បីរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងស្តារការអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍនានានៅក្នុងពិភពលោក។ បន្ទាប់មក សម្តេចក៏បានប្រកាសបើកសិក្ខាសាលាស្តីពីសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»នេះតទៅ៕ រម្យ
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ