ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការងារព្យាបាល និងស្ដារនីតិសម្បទា
February 21, 2019    អ្នកទស្សនា :

     ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង​កោតសរសើ និងវាយតម្លៃខ្ពស់​ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ​ របស់អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការខិតខំប្រឹងប្រែងដឹកនាំរបស់គណៈកម្មាធិការជាតិ​ទទួលបន្ទុក​ការងារព្យាបាល និងស្ដារនីតិសម្បទា ដែលមានឯកឧត្ដម​រដ្ឋមន្រ្តី​ក្រសួង​​សុខាភិបាលជាប្រធាន​​ និងឯកឧត្ដម លោកជំទាវ​ តំណាងក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត​ទាំង​២៥​ ជាសមាជិក សមាជិកា ធ្វើឱ្យការងារព្យាបាល និង​ស្ដារនីតិ​សម្បទា​អ្នកញៀនគ្រឿងញៀន ទទួលបានលទ្ធផលគួរឱ្យ​កត់​សម្គាល់ ក្នុងរយៈ​ជាង១ឆ្នាំ ចុងក្រោយនេះ ។

     ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាស្តីពីការព្យាបាល​ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងសុខាភិបាល។

     ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល តែងតែបានដឹកនាំចង្អុលបង្ហាញគាំទ្រ និងធ្វើសកម្មភាពដោយផ្ទាល់ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន​ជួយកាត់ បន្ថយការលំបាករបស់ជនរងគ្រោះដោយសារគ្រឿងញៀន ទាំងនៅតាមមណ្ឌលបណ្ដោះអាសន្ន និងសហគមន៍​មូលដ្ឋាន​ ដែលបានធ្វើសកម្មភាពដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារទប់ស្កាត់ បង្រ្កាប អប់រំ ព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ។

     ឯកឧត្តម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ បានថ្លែងថា​ ជារៀងរាល់ឆ្នាំចំនួនអ្នកញៀនគ្រឿងញៀនដែលទទួលការព្យាបាលមានចំនួនកើនឡើងជានិច្ច។ ជាពិសេសក្នុងឆ្នាំ២០១៨ មានការ​កើនឡើងនៃអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលសាធារណៈ មានការកើនឡើងប្រមាណ ៧០% បើប្រៀបធៀបនឹងឆ្នាំ២០១៧  រីឯចំនួនអ្នកញៀនគ្រឿងញៀនដែលបានទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមណ្ឌលបណ្តោះអាសន្ន ក៏មានការកើនឡើងផងដែរ។ សមិទ្ធផលនៃការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលនឹងត្រួវបានបង្ហាញនៅក្នុងសិក្ខាសាលានេះ មិនមែនទទួលបានដោយចៃដន្យទេ គឺអាស្រ័យដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមានការចូលរួមចំណែកគាំទ្រពីសំណាក់ដៃគូ និងប្រទេសជាមិត្តផងដែរ។

     សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសិក្ខាសាលាស្តីពីការព្យាបាល​ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ដែលមានសមាសភាពចូលរួម មកពីគណៈកម្មាធិការ​ លេខាធិការដ្ឋាន​ នៃទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ក្រុមការងារដឹកនាំត្រួតពិនិត្យ​ ដើម្បីចុះពង្រឹងការងារពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ​ ក្រសួងសុខាភិបាល​ និងភាគីពាក់ព័ន្ធជាច្រើនទាំងជាតិ និងអន្តរជាតិផងដែរ។ អង្គសិក្ខាសាលានេះដែរ ក៏នឹងពិភាក្សាទៅលើចំនុចសំខាន់ៗ​មួយចំនួន​រូមមាន៖

១-ត្រូវធ្វើបច្ចុប្បន្នភាពចំពោះផលប៉ះពាល់គ្រឿងញៀនឲ្យបានច្បាស់លាស់ដើម្បីឲ្យមានទិន្នន័យមួយអាចទទួលស្គាល់បាន

២-ពង្រឹង​គុណភាពប្រសិទ្ធភាពនៃសេវាព្យាបាលទាំងមណ្ឌលបណ្តោះអាសន្នរដ្ឋ​ -ឯកជន​ និងផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តតាមមូលដ្ឋានសុខាភិបាលតាមមន្ទីរពេទ្រជាតិ​ មន្ទីរពេទ្យបង្អែក​ មណ្ឌលសុខភាព​

៣-រៀបចំយន្តការច្បាស់លាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវ:​ និងបំណិនជិវិតដើម្បីឲ្យអ្នកព្យាបាលរួចមានលទ្ធភាពដើម្បីប្រកបរបរចិញ្ចឹមជិវិត​ និងចាកផុតពីបញ្ហាគ្រឿងញៀន

៤-កសាងបានយន្តការ និងបែបបទទាំងឡាយក្នុងការធ្វើសមាហរណកម្មអ្នកបានព្យាបាលក្នុងមណ្ឌលបណ្តោះអាសន្នរួចហើយចូលទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ​ និងបែបបទទាំងឡាយចំពោះអ្នកព្យាបាលនៅតាមមណ្ឌលសង្ខេបនៃឃុំ​ សង្កាត់ ​និងមន្ទីរពេទ្យពេទ្យបង្អែកនានា​ ដោយធានាថាអ្នកប៉ះពាល់គ្រឿងញៀនបានជាសះស្បើយ

៥.ពង្រឹងយន្តការ ដើម្បីនាំអ្នកញៀនទៅព្យាបាលទាំងក្នុងមណ្ឌល និងសហគមន៍ ទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីធានាថាគ្មានអ្នកញៀនណាមួយ មិនបានទៅព្យាបាលនៅតាមមណ្ឌលសុខភាពឡើយ

៦.ពង្រឹងយន្តការពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី ដំណើរការឱ្យមានប្រសិទ្ធភាពពិសេសការបង្កើតគណៈកម្មាធិការទ្រទ្រង់ចំពោះការព្យាបាលដោយសហគមន៍នេះ ដែលមានមណ្ឌលសុខភាពជាស្នូល  ដែលកន្លងមកនេះស្ទើតែគ្រប់ខេត្តបានស្នើបង្កើតមណ្ឌលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងព្យាបាល តែឆន្ទៈនេះមិនបានអនុវត្តឱ្យបានគ្រប់គ្រាន់ឡើយ

៧.ពិចារណាឡើងវិញ ដើម្បីបង្កើតទៅជាខ្លឹមសារនៃយន្តការ សមាហរណកម្ម ដ៏ជាក់លាក់មួយដែលបានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕ គឹមអាន

          ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ