សម្ដេច​ក្រឡាហោម​ ស​ ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ រដ្ឋបាល​ខេត្តព្រៃវែង
March 14, 2019    អ្នកទស្សនា :

         នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ​២០១៩​ រដ្ឋបាល​ខេត្តព្រៃវែង បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ​២០១៨​ និង​ទិស​ដៅការងារឆ្នាំ​២០១៩​ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​  ដោយ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុងស្រុក អង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត ក្រុមប្រឹក្សាឃុំសង្កាត់ ថ្នាក់ដឹកនាំប៉ុស្តិ៍នគរបាល និងតំណាងដៃគូសង្គមស៊ីវិលជាច្រើនរូប។

        សម្តេចក្រឡាហោម​ ស​ ខេង​ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារពេញមួយឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រៃវែង ដែលបានរួមសហការគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។  សម្ដេចបានគូសបញ្ជាក់ថាពេញមួយឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខ កម្ពុជាសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយតាមរយៈកត្តាទាំងពីរនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យកម្ពុជាកាត់បន្ថយភាពក្រីក្របានកាន់តែច្រើន។ នៅឆ្នាំ២០១៩នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ហើយជាមួយគ្នានេះ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ កម្ពុជាមានស្ថានភាពអំណោយផលជាងពេលណាៗទាំងអស់ ដោយរាជរដ្ឋាភិបាលអនុវត្តបាននូវ ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ដែលនេះជាអ្វីដែលយេីងទាំងអស់គ្នាត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងរក្សាឲ្យបាននូវបូរណភាពទឹកដី ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅតាមគ្រប់រូបភាព។  សម្ដេចក៏បានបញ្ជាក់ប្រាប់អង្គសន្និបាតដែរ ថាជារៀងរាល់ពេលដែលសម្ដេច ទទួលជួបពិភាក្សាការងារជាមួយតំណាងប្រទេសជាតិមិត្តនានា សម្ដចតែងតែសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតនឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុក្សនោះឡើយ ពីព្រោះកម្ពុជា មានបទពិសោធន៍ឆ្អែតឆ្អន់ហើយកាលពីពេលអតីតកាល ដែលធ្លាប់ដើរផ្ទុយពីគោលការណ៍នេះ។  សម្ដេច បន្តមានប្រសាសន៍អំពីការពង្រឹងកិច្ចសហការជាមួយបណ្ដាសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានកំណត់ពេលវេលាជាក់លាក់ដើម្បីជួបពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលជាទៀងទាត់ ហើយតាមរយៈយន្តការនេះ យើងបានឈរនៅលើផលប្រយោជន៍ជាតិដើម្បីដោះស្រាយបញ្ហារួមគ្នា។ សម្ដេចក៏បានណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មិនត្រូវមានទស្សនៈស្អប់ ឬខឹងចំពោះការរិះគន់ ឬការផ្ដល់យោបល់កែតម្រូវពីក្រុមសង្គមស៊ីវិលនោះឡើយ ពីព្រោះនេះជាសិទ្ធិសេរីភាពមួយ ហើយផ្ទុយទៅវិញដើម្បីជាប្រយោជន៍ជាតិ យើងត្រូវអញ្ជើញពួកគាតមកពីគ្រោះយោបល់លើបញ្ហានោះ ដើម្បីឲ្យមានការយល់ពីគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ។

      សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់អង្គសន្និបាតលើកទឹកចិត្តពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងនោះសម្ដេចបានសង្ក់តធ្ងន់អំពីការលុបបំបាត់គ្រឿងញៀនគ្រប់មូលដ្ឋានខេត្តព្រៃវែង។

     បន្ថែមលេីសពីនេះសម្ដេចបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនជាបុព្វហេតុនាំឲ្យមានបទល្មើសកើតឡើងច្រើនក្នុងសង្គម ហើយវាថែមទាំងបំផ្លាញធនធានមនុស្សរបស់ជាតិទៀតផង ពិសេសយុវជនដែលកំពុងពេញកម្លាំង ដូច្នេះទាំងក្រុមការងារ មន្រ្តីមូលដ្ឋាន និងពលរដ្ឋ ត្រូវរួមដៃគ្នាលុបបំបាត់គ្រឿងញៀនឲ្យបាន ពីព្រោះគ្រឿងញៀនបានទៅដល់មូលដ្ឋានហើយ។

នាឱកាសនេះដែរ សម្ដេចបានណែនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តព្រៃវែង ត្រូវផ្ដោតការយកចិត្តទុកខ្ពស់ចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ ពិសេសទំនិញដែលនាំចូលតាមច្រកព្រំដែនជាមួយប្រទេសជិតខាង។ សម្ដេចក៏បានលេីកឡេីងអំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវធ្វើឲ្យរួចរាល់នៅឆ្នាំ២០២០ខាងមុខ រួមមានការផ្ទេរមុខងារ ធនធាន ការផ្ទេរបុគ្គលិកពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ និងការបង្កើនថវិកាអភិវឌ្ឍន៍សម្រាប់រដ្ឋបាលឃុំ និងសង្កាត់។

សម្ដេចក៏បានសម្ដែងការសាទរ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់យន្តការច្រកចេញចូលតែមួយ ដោយសម្ដេចបានណែនាំបន្ថែមទៀតឲ្យមន្រ្តីជាអ្នកផ្ដល់សេវាជូនពលរដ្ឋ ត្រូវបន្តខិតខំបំពេញការងារនេះឲ្យបានកាន់តែប្រសើរថែមទៀត ពីព្រោះយន្តការនេះបានទទួលការអបអរសាទរខ្លាំងណាស់ពីសំណាក់ប្រជាពលរដ្ឋដែលបានមកសុំសេវា។

ឆ្លើយតបនឹងសំណើអភិបាលខេត្តព្រៃវែង សម្ដេចបានណែនាំឲ្យក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ពន្លឿនការបែងចែកថវិកាលើកទឹកចិត្តមន្រ្តីច្រកចេញចូលតែមួយ ដើម្បីឲ្យមានការកំណត់ជាក់លាក់ថាតើថវិកាដែលពលរដ្ឋបង់មកនោះ នឹងត្រូវបែងចែកទៅជាថវិការដ្ឋប៉ុន្មាន និងបែងចែកសម្រាប់លើកទឹកចិត្តមន្រ្តីចំនួនប៉ុន្មាន។

ចំពោះការទទួលខុសត្រូវរបស់មន្រ្តីរាជការ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យមន្រ្តីរាជការត្រូវប្រកាន់ក្រមសីលធម៌ជាមន្រ្តីរាជការ បំពេញការងារបំរើសេវាជូនពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ពោលគឺដាច់ខាតមិនត្រូវប្រកាន់ទស្សនៈអ្នកនេះគ្នាគេ ឬអ្នកនោះគ្នាយើងក្នុងការបំពេញការងាររដ្ឋឡើយ។

ជាចុងបញ្ចប់ សម្ដេចក៏បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងមន្រ្តីរាជការ ត្រូវលុបបំបាត់បក្សពួក និងគ្រួសារនិយម មិនត្រូវឲ្យមានការយកពេលវេលា និងមធ្យោបាយរដ្ឋ ទៅបំរើឲ្យការងារផ្ទាល់ខ្លួន និងការងារគណបក្ស ហើយត្រូវបែងចែកឲ្យបានច្បាស់ និងទៅតាមច្បាប់ រវាងការងារគណបក្ស និងការងារដ្ឋ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ