សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកសង្គមស៊ីវិលគឺជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា
March 20, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជ​រដ្ឋាភិបាលតែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូក្នុងការចួលរួមរបស់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ហើយតែងតែខិតខំធ្វើយ៉ាងណាលើកកម្ពស់ភាពជាដៃគូរវាងភាគីទាំងពីរអោយ​កាន់តែ​ជិត​ស្និត​តាមរយៈការបង្កើតឡើងជាវេទិកានានា ដែលជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ​ចំនួន​ពីរលើកកន្លងមកហើយ ដោយលើកទីមួយរៀបចំដោយក្រសួងមហាផ្ទៃ និងលើកទីពីរគឺរៀបចំដោយ​ក្រសួងការបរទេស និងកិច្ចចសហប្រតិបត្តិការអន្តរជាតិ។ ការបញ្ជាក់ដូច្នេះតាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រោយបញ្ចប់​ជំនួបរវាងសម្តេច​ក្រឡា​ហោម ស ខេង ជាមួយប្រតិភូជាន់ខ្ពស់សហភាពអឺរ៉ុប នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។

        ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានមានប្រសាសន៍បន្តថា សម្តេចបានជំរាបជូន​ដល់គណៈប្រតិភូអឺរ៉ុបដែរថា អ្វីៗទាំងអស់គឺរាជរដ្ឋាភិបាលកំពុងតែអនុវត្តតាមសេចក្តីថ្លែ​ងការរបស់​រាជរដ្ឋាភិបាលដែលបានចេញកាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅដែលក្នុងនោះមានចែង​ទាំងអស់​អំពីអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ បញ្ហាសិទ្ធការងារ បញ្ហាដីធ្លី ដែល​នេះ​គឺជាអ្វីដែលរដ្ឋាភិបាលកំពុងខិតខំអនុវត្ត ហើយអ្វីទាំងនេះគឺជាគោលការណ៍រួមដែលរាជ​រដ្ឋាភិ​បាលកម្ពុជាបានដាក់ចេញ ហើយ​​នឹងបន្តធ្វើការជាដំណាក់កាល និងជាបន្តបន្ទាប់ផងដែរ។ សម្តេចបញ្ជាក់ទៀតថា កម្ពុជាត្រូវការមិត្តគ្រប់ទិសទី មិនថា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ឬក៏ប្រទេសណាទេ ទាំងក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន។ សម្តេចក្រឡាហោមក៏បាន​លើកឡើងថា ចំពោះការបង្កើតឡើងនូវច្បាប់អង្គការសង្គមស៊ីវិល មុននឹងចេញជារូបរាងឡើងនោះ​គឺរាជរដ្ឋាភិបាល រៀបចំជាវេទិការពិគ្រោះយោបល់រវាងដៃគូពាក់ព័ន្ធ និងបណ្តាមិត្តភ័ក្តបរទេសមួយ​ចំនួន ដើម្បីសម្រេចបាននូវច្បាប់នេះ។

       ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានបន្ថែមអោយដឹងទៀតថា សម្តេចក្រឡាហោម​បាន​ជំរាប​ដល់​ប្រតិភូជាន់ខ្ពស់សហភាពអឺរ៉ុបដែរថា ទោះបីដំណើរការប្រជាធិបតេយ្យនៅប្រទេស​កម្ពុជា​ពុំទាន់មានភាពល្អឥតខ្ចោះយ៉ាងណាក៏ដោយ ប៉ុន្តែគោលការណ៍គ្រឹះនៃលិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាគឺបានចាក់ឬសរួចទៅហើយ ហើយកម្ពុជាមិនអាចបោះបង់នូវផ្លូវប្រជាធិបតេយ្យ​នេះបាន​ទេ ហើយអ្វីដែលសំខាន់គឺគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​ដែលបានចែងយ៉ាង​ច្បាស់​ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ថា ចំនុចសំខាន់ពីរដែល​បាន​ចែងក្នុងរដ្ឋធម្មនុញ្ញហើយមិនអាចប៉ះពាល់បាននោះគឺ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង​គោល​ការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះ។ សម្តេចបានបញ្ជាក់ដែរថា បច្ចុ​ប្បន្ននេះរាជ​រដ្ឋាភិ​បាលកម្ពុជាកំពុងតែខិតខំអនុវត្តនូវកំណែទំរង់វិមជ្ឍកាល និងវិសហមជ្ឍកាល ដែលនេះជាផ្នែក​មួយនៃការពង្រឹងលិទ្ធិប្រជាធិបតេយ្យផងដែរ ដែលរាជរដ្ឋាភិបាលបានបែង​ចែកនូវអំណាចពីថ្នាក់​ជាតិ ទៅដល់ថ្នាក់ក្រោមជាតិដើម្បីធ្វើជាម្ចាស់អំណាចផ្ទាល់ ធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោះ​ស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។

        តាមការអោយដឹងដដែរពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត គណៈប្រតិភូអឺរ៉ុប ដឹក​នាំ​លោកស្រី Paola Pampaloni ​បានឯកភាព និងមើលឃើញនូវវឌ្ឍនៈភាពកន្លងមក​ក្នុងការលើក​កម្ពស់​ចូលរួមរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលតាមរយៈនូវការបង្កើតយន្តការថ្មីៗ​ដូចអ្វីដែល​សម្តេចក្រឡាហោមបានលើកឡើង។ ដោយឡែកចំពោះសកម្មភាពនយោបាយ​ក្នុងក្របខណ្ឌសង្គម​ប្រជា​ធិបតេយ្យ សហភាពអឺរ៉ុបគឺមិនគាំទ្រចំពោះបុគ្គលណាមួយ ឬក៏គណបក្សណាមួយនោះទេ ប៉ុន្តែ​អ្វីដែលសហភាពអឺរ៉ុបចង់បាន និងគាំទ្រនូវគោលការណ៍រួម ដើម្បីអោយមានគ្រប់សមាសភាព​សង្គមបានចូលរួមចំ​ណែក​​ជាមួយគ្នាក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

        ដោយឡែកចំពោះបញ្ហា  EBA លោកស្រីបានបញ្ជាក់ថាតាមរយៈជំនួបនេះគឺមិន​មែនជាជំនួប​នៃ​ការ​ដក EBA​ ពីកម្ពុជានោះទេ ប៉ុន្តែគឺជាជំនួប ដើម្បីធ្វើការជាមួយគ្នា ផ្តល់កិច្ចសន្ទនាជាមួយគ្នាស្វែង​រកចំនុចរួម សម្រាប់បង្កើន និងស្វែងរកដំណោះស្រាយ និងបង្កើនកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយសហភាពអឺរ៉ុប ហើយដើម្បីបំរើដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ ជាងនេះទៅទៀត លោកស្រីបានបញ្ជាក់ដែរថា EU គឺចង់បង្កើនភាពជាដៃគូអោយកាន់​តែប្រសើរថែមទៀតជាមួយ​កម្ពុជា ហើយនឹងបន្តនូវអ្វីដែល EU​​ បានជួយកន្លងមកនូវកម្ពុជាផងដែរ៕ គឹមអាន

        ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ