ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋបាលក្រុង ស្រុក
April 24, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋបាលក្រុង ស្រុក នាទីស្តីការក្រសួង ដែលរៀបចំដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រុងស្រុក ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងផ្តល់យោបល់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ប្រមាណជាង ៣៥៧រូប។      ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តគោលនយោបាយនៃការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឺជាឆន្ទៈគោលនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពេលវែង នៅក្នុងក្របខណ្ឌនៃការលើកកម្ពស់អភិបាលកិច្ច រាជរដ្ឋាភិបាលបានចាត់ទុកថា​ការកំណែទម្រង់ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការគឺជាការកំណែទម្រង់ស្នូលដ៏មានសារៈសំខាន់មួយនៅក្នុងកំណែទម្រង់ស្នូលចំនួនបីថែមទៀត រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ ដែលជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលនីមួយៗរបស់រាជរដ្ឋាភិបាល។ បើផ្អែកតាមបទពិសោធន៍នៅនៅតាមបណ្តាប្រទេសនានាជាច្រើនលើពិភពលោក ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានផ្តល់តម្លៃ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដូចជា ងាយស្រួលក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានសាធារណៈ សម្រាប់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព ការចូលរួមបរិយាប័ននិងសង្គម។ នៅក្នុងនោះទៀតសោតគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗបីគឺ៖ ១.ដើម្បីពង្រឹង ពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំបង្កើតឡើងនូវក្រុមប្រឹក្សារបបថ្នាក់ក្រោមជាតិតាមរយៈការបោះឆ្នោតដោយសកលនិងអសកល ដើម្បីពង្រឹងពង្រីកភាពជាតំណាងនៃការចូលរួមរបស់ប្រជាពលរដ្ឋនូវការផ្តល់សេវានៅតាមមូលដ្ឋាន និងការរក្សានូវសន្តិភាព ស្ថេរភាពនយោបាយផ្អែកលើបរិបទ ស្ថានភាពនិងភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា ក្រុមប្រឹក្សាដែលជាប់ឆ្នោតគឺជាតំណាងឱ្យសម្លេងនិងផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានាដែលកើតមានឡើង ២.ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន ការធ្វីវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្ទេរអំណាចមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍនៃការផ្តល់សេវា ប្រការនេះហើយធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅគៀកប្រជាពលរដ្ឋ និងមានលទ្ធភាពទទួលខុសត្រូវច្បាស់លាស់ក្នុងការងារ ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋ ៣.ដើម្បីបង្កើតការគៀងគរធនធាន និងការចូលរួមរបស់សហគមន៍ ប្រជាពលរដ្ឋនៅក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្រៅពីការផ្ទេរអំណាចមុខងារ ធនធានទៅរដ្ឋបាលថ្នាក់មូលដ្ឋាន។ ការធ្វើវិមជ្ឈការ តាមបែបលទ្ធិប្រជាធិបតេយ្យ ក៏ធ្វើឱ្យមានការប្រាស្រ័យទាក់ទងយ៉ាងសកម្មរវាងរដ្ឋបាលថ្នាក់ក្រោមជាមួយសហគមន៍និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រការនេះធ្វើឱ្យបង្ករលក្ខណៈងាយស្រួលដល់សហគមន៍ ប្រជាពលរដ្ឋក្នុងការចូលរួមនៅក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់មូលដ្ឋាន។
       ជារួមការធ្វើវិមជ្ឈការនៅកម្ពុជា គឺជាការបង្កើតវប្បធម៌ប្រជាធិបតេយ្យនៅតាមមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ការលើកកម្ពស់ ការផ្តល់សេវានិងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅការលើកស្ទួយគុណភាពជីវភាពប្រជាពលរដ្ឋ និងការចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព បរិយាប័ន និងសមធម៌សង្គម៕ មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ