ក្រសួងមហាផ្ទៃ ប្រារព្ធខួបលេីកទី៧៤ នៃថ្ងៃបង្កេីតកងកម្លាំងនគរបាលជាតិ (១៦ឧសភា១៩៤៥- ១៦ឧសភា២០១៩)
May 16, 2019    អ្នកទស្សនា :

   នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កេីត ខែពិសាខ ឆ្នាំកុរ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៩ នាទីស្តីការក្រសួង ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី ៧៤ នៃ​ថ្ងៃបង្កេីតកងកម្លាំងនគរបាលជាតិ (១៦ឧសភា១៩៤៥-១៦ឧសភា២០១៩) ក្រោមអធិបតី​ភាព​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងមានការ​ចូលរួម​ពីថ្នាក់ដឹក​នាំមន្រ្តីនគរបាលជាតិគ្រប់ជាន់ថ្នាក់ផងដែរ។

    គួររំលឹកថា កងកម្លាំងនគរបាលជាតិត្រូវបានបង្កេីតឡេីងក្រោម ស្នាព្រះហស្តរបស់ ព្រះករុណា ព្រះ​បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដេីម្បីរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាព បាតុកម្ម – កូដកម្ម បញ្ចៀស នូវរាល់ សកម្មភាព ភេរវកម្ម ទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លង ដែន ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ការពារ បាវនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ ។
    គោលបំណងសំខាន់ក្នុងរៀបចំ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ គឹទី១-ដើម្បីផ្សព្វផ្សាយដល់មតិជាតិ អន្តរជាតិ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេសឲ្យបានដឹង​អំពីថ្ងៃបង្កើតកើតឡើងរបស់​នគរបាល​ជាតិ។ ទី២- គឺដើម្បីស្រាវជ្រាវយកមកផ្សព្វផ្សាយនូវប្រវត្តិសកម្មភាព សមិទ្ធផល ស្នាដៃរបស់កងកម្លាំង​នគរបាល​ជាតិដែលបានបង្កើតឡើងតាមដំណាក់កាលនីមួយៗ ដើម្បីបុព្វហេតុជាតិ សន្តិសុខជាតិ សណ្តាប់​ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទី៣- បំផុសឲ្យមានមនសិការជាតិ បង្ហាញអំពី​គំរូវីរភាព​អង់អាចក្លាហានរបស់រៀមច្បងជំនាន់មុន ដែលមានភាពស្មោះត្រង់ និងស្មារតីមោះមុតក្នុងជួរកងកម្លាំង​នគរបាលជាតិ ដើម្បីឲ្យនគរបាលជំនាន់ក្រោយយកគំរូតាមផងដែរ និងក្នុងគោលដៅលើកកំពស់​ប្រសិទ្ធ​ភាពការងារផង រួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិផង។

     ក្នុងឆ្នាំ ២០១៨ កន្លងទៅនគរបាលជាតិ បានបង្កើតនូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើនលើកិច្ចការ​បំពេញភារកិច្ចបម្រើឲ្យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលក្នុងនោះកង​កម្លាំងនគរបាលជាតិបានបញ្ជៀសបាននូវសកម្មភាពភារវកម្ម ខណៈដែលឆ្នាំ ២០១៨ កន្លងទៅ​សកម្ម​ភាព​ភារវកម្ម បានកើតឡើង ៧៣ លើកលើ ៥៤ ប្រទេស ប៉ុន្តែប្រទេស​កម្ពុជាបានការពារ​ដោយពុំ​អោយ​កើតមានឡើយ និងទប់ស្កាត់បានការប៉ុនប៉ង ញោះញុង បង្កើតបដិវត្តន៍ពណ៌​ក្នុងបំណងផ្ដួលរំលំរដ្ឋា​ភិបាល​ស្របច្បាប់ និងបានរៀបចំរបៀបរៀបរយចំពោះបញ្ហាបាតុកម្មកូដកម្មដែលមានចំនួនជាង ១៥០០ លើកផងដែរ ជាពិសេសជាងនេះទៅទៀតកងកម្លាំងនគរបាល​ជាតិគឺសម្រេចបាននូវកិច្ចការ​គ្រប់គោលដៅ​ទាំងអស់រួមមាននយោបាយ ការទូត វប្បធម៌ វិនិយោគិន និងទេសចរណ៍ដែលមានគោល​ដៅក្នុងប្រទេស​កម្ពុជាផងដែរ។

     សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងរៀបចំប្រព្រឹត្តនេះធំជាងមុនដោយមានការ តាំងពិព័រណ៍ នូវរូបថត អនុស្សាវរីយ៍ជាច្រើននៃសកម្មភាព របស់នគរបាលគ្រប់រាជធានី - ខេត្ត និងនាយកដ្ឋាន នានាដែល ចំណុះ​ឲ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការ នគរបាលជាតិផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ