សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវអនុសាសន៍ ចំនួន៥ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលជាតិក្នុងការបំពេញតួនាទី និងភារកិច្ច
May 16, 2019    អ្នកទស្សនា :

     អនុសាសន៍ ចំនួន ៥ សំខាន់ៗ ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានលើកឡើងទៅដល់នគរបាលជាតិទាំងអស់ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃ ​កំណើតនគរបាលជាតិកម្ពុជា លើកទី៧៤ (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) នៅព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួង ដើម្បីបន្ដអនុវត្ត និងពង្រឹងប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ ទី១- ត្រូវពង្រឹងកងកម្លាំងនគរបាលជាតិ ដោយត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នា បន្តធ្វើការកែទម្រង់នគរបាលជាតិ អំពីក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និងការទទួលខុសត្រូវ នៅតាមស្ថាប័ន-អង្គភាពនគរបាលគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ សំដៅឆ្លើយតបចំពោះការវិវត្តរីកចម្រើន របស់សង្គម និងស្ថានភាព​ប្រែប្រួល​ស្មុគ​ស្មាញ នៃសភាពការណ៍សន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ទី២- កម្លាំងអនុវត្តច្បាប់​ត្រូវមានលក្ខណៈ​សម្បត្តិ និងនីតិសម្បទាគ្រប់គ្រាន់ ក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតីអង់អាចក្លាហាន និង​មានសមត្ថភាពពេញលេញ ទាំងសមត្ថភាពផ្នែកច្បាប់ ជំនាញបច្ចេកទេស ព្រមទាំងមានមនសិការវិជ្ជាជីវៈ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភក្តីភាព។ ការកសាងអភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័ន គឺជា​គោលដៅអាទិភាពដែលគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ តាមរយៈការរៀបចំវគ្គបណ្តុះ​បណ្តាលមុខជំនាញ ឯកទេស និងច្បាប់ រយៈពេលវែង-ខ្លី និងការបំប៉ននៅនឹងកន្លែង ជាពិសេស​បង្កើន​ការអប់រំ ពង្រឹងសីលធម៌ វិន័យកងកម្លាំងជាប្រចាំ ដើម្បីកសាងធនធានមន្ត្រីអនុវត្តច្បាប់ ឲ្យមាន​សមត្ថភាព សីលធម៌ គុណធម៌ និងមនសិការ វិជ្ជាជីវៈពិតប្រាកដ ស័ក្តិសម​នឹងកិត្តិយស​របស់កងកម្លាំង​នគរបាលជាតិ។ ទី៣- គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន-អង្គភាពជំនាញ និងគ្រប់ស្នងការដ្ឋាននគរបាល​រាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងកង​កម្លាំងក្រោមឱវាទ ដោយត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច ដែលបានចែងក្នុងច្បាប់ហើយ អង្គភាព​នីមួយៗត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ផ្តល់ភាពកក់ក្តៅដល់កម្លាំងក្រោមឱវាទ ដោយត្រូវ​ស្វែង​យល់​អំពី​សុខទុក្ខ ការលំបាកបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ក្រោមជាតិ ព្រមទាំង​ត្រូវអនុវត្ត​ឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយសរសើរ ជូនរង្វាន់លើកទឹកចិត្ត និងអនុវត្តវិន័យតឹងរឹង ប្រកបដោយ​តម្លាភាព និងយុត្តិធម៌។ ទី៤- ត្រូវបន្តលើកទឹកចិត្ត និងបំផុសចលនាផ្សាភ្ជាប់ រវាងសមរភូមិក្រោយ ជា​មួយ​សមរភូមិមុខតាមរយៈការបន្តពង្រឹងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនានា ជាមួយអង្គភាពប៉ុស្តិ៍ន​គរបាល​ជួរមុខ ដោយបំផុសឲ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាធ្វើសកម្មភាពចុះសួរសុខទុក ស្វែងយល់អំពើពលិកម្ម និងបញ្ហាប្រឈមនានា​របស់កងកម្លាំង​នគរបាល ដើម្បីចូលរួមលើកទឹកចិត្តទាំងស្មារតី និងឧបត្ថម្ភគាំទ្រនូវមធ្យោបាយ សម្ភារ គ្រឿងឧបភោគ បរិភោគនានា ដល់កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅតាមព្រំដែន។ ទន្ទឹមនេះត្រូវបន្តយក​ចិត្ត​ទុក​ដាក់ថែបំប៉នកម្លាំងការពារព្រំដែនឲ្យបានល្អប្រសើរ ទាំងជីវភាពប្រចាំថ្ងៃទាំងជម្រក និងសម្ភារ​ប្រើ​ប្រាស់​នានា​ សំដៅពង្រឹងកងកម្លាំងនគរបាល ការពារព្រំដែនឲ្យក្លាយជាកម្លាំងដ៏រឹងមាំ មានសមត្ថភាព​ពេញលេញ ការពារបូរណភាពទឹកដី។ ទី៥- ជំរុញលើកទឹកចិត្តដល់​គណៈបញ្ជាការឯកភាពរ​ដ្ឋបាលរាជ​ធានី-ខេត្តក៏ដូចជាក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមលើកកម្ពស់​ស្មារតី​សហការ ដឹកនាំគាំទ្រដល់គ្រប់សកម្មភាព របស់កងកម្លាំងនគរបាលជាតិ ដើម្បីរួមគ្នាថែរក្សា​ឲ្យបាននូវ​សុខ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការពារ​ឲ្យបាន​នូវសមិទ្ធផលសង្គមជាតិ ដែលយើងបានកសាងឡើងដោយលំបាក សំដៅចូលរួមក​សាង​អភិវឌ្ឍន៍​សង្គម​កម្ពុជា ឆ្ពោះទៅដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ៕​ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ