សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣
June 12, 2019    អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា ៤០០នាក់។

       ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលអាជ្ញាធររាជធានីភ្នំពេញបានបំពេញនាពេលកន្លងមកជូន សម្ដេចក្រឡាហោម រួមមាន៖ ទី១-ស្ថានភាពរដ្ឋបាលដែនដី, ទី២-សមិទ្ធផលសំខាន់ៗដែលគណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី២សម្រេចបាន, និងទី៣-អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីភ្នំពេញនិងក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ ផងដែរ។ ឯកឧត្តមបន្តថា សមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញសម្រេចបានព្រមទាំងលទ្ធផលនៃការបោះឆ្នោតនាពេលនេះគឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេច។ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នថ្នាក់ជាតិអង្គភាពរដ្ឋទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរអង្គភាពជំនាញរដ្ឋបាលខណ្ឌអង្គការសង្គមស៊ីវិលនិងវិស័យឯកជនដែលតែងតែផ្ដល់នូវការឧបត្ថម្ភគាំទ្រជ្រោមជ្រែងសហការដល់តម្រូវឲ្យផ្ដល់តម្លៃនិងចូលរួមអនុវត្តការងារដោយឈរលើស្មារតីសាមគ្គីភាពមិត្តភាពឯកភាពផ្ទៃក្នុងអាណត្តិទី ២ នៃក្រុមប្រឹក្សានាពេលកន្លងមកធ្វើឲ្យកិត្យានុភាពរដ្ឋបាលរាជធានីភ្នំពេញកាន់តែ ត្រូវបានលើកកម្ពស់និងសូមបន្តចូលរួមសហការឱ្យបានកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត។

      ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីបន្តនិរន្តរភាពការងារក្រុមប្រឹក្សានិងដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងទំនុកចិត្តរបស់អង្គបោះឆ្នោតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ឯកឧត្តមនឹងខិតខំបំពេញការងារទ្វេដងដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដោយសូមធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
ទី១- ប្ដេជ្ញាគោរព និងប្រតិបត្តិ ដោយភក្តីភាពចំពោះ ជាតិសាសនាព្រះមហាក្សត្រ និងប្ដេជ្ញាការពារ រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារសុខសន្តិភាព ស្ថេរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ  និងដើម្បីធានាបានការអនុវត្ត នៅកូកាគន្លឹះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាពនីតិរដ្ឋ តម្លាភាព ការចូលរួម ការលើកស្ទួយសមធម៌ ការឆ្លើយតបប្រសិទ្ធភាពនិងភាពស័ក្កិសិទ្ធិ។
ទី២- ប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្ដល់កិច្ចសហការល្អជាមួយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ និងតាមបណ្ដាខណ្ឌទាំង ១៤ ជាពិសេសប្ដេជ្ញាអនុវត្ត សេចក្តីសម្រេច គោលនយោបាយក្របខណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទី៣- ប្ដេជ្ញាពង្រឹងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព ដើម្បីឲ្យរដ្ឋបាលនេះមានភាពម្ចាស់ការ ក្នុងការគ្រប់គ្រងការចាត់ចែងមុខងារ បុគ្គលិកទ្រព្យសម្បត្តិនិងធនធានហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពចំទិសដៅ នឹងឆ្លើយតប ទាន់ពេលវេលានូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ជំរុញការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ។
ទី៤- ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាលនិងមន្ត្រីបុគ្គលិកក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងបណ្ដាក្រសួងស្ថាប័នអង្គភាពរដ្ឋ មន្ទីរអង្គភាពជំនាញ ទីក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិលក៏ដូចជាវិស័យឯកជន ដើម្បីចូលរួមថែរក្សាសុខសន្តិភាពស្ថេរភាពនយោបាយសណ្ដាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត។

       សមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញទាំង ២២៧ រូបនឹងបន្តបំពេញមុខងាររបស់ខ្លួនដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស គឺអនុវត្តនូវតួនាទីភារកិច្ចស្របតាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងអនុក្រឹត្យស្ដីពីតួនាទីភារកិច្ចនិងទំនាក់ទំនងការងារ របស់ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញនិងក្រុមប្រឹក្សាគណៈអភិបាលខណ្ឌនៃរាជធានីភ្នំពេញ ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត ជំរុញនិងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនិងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា។

      ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា នៅឆ្នាំ២០១៩នេះ ត្រូវតែបញ្ចប់ការចែក ចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ចំពោះមុខប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នា ដូច្នេះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសគ្រឿងញៀន នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តអោយបាន ។

     សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តទៀតថា រឿងលាងលុយ ឥលូវនេះកម្ពុជាត្រូវចាត់ទុកថា ជាប្រទេសប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀតវាទៅខ្មៅនោះ បើសិនជារឿងមិនយកចិត្តទុកដាក់។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានតែមនុស្សមួយក្រុមនោះទេ ប៉ុន្ដែបើងាប់ៗប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក។

     នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ សម្ដេច បានសង្កត់ធ្ងន់ថា ប្រសិនបើស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់ ហើយត្រូវមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែង។

     ទោះយ៉ាងណាក៏ដោយ ក្នុងនាមសម្ដេចជាប្រមុខដឹកនាំក្រសួងមហាផ្ទៃ ត្រូវតែក្រើនរំលឹក ដល់អ្នកដែលប្រព្រឹត្តបទល្មើសនេះ ពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះឱ្យមែនទែន៕ មុនីរម្យ


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ