logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន​ សាណាត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
40
10-March-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្តម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ ឈន​ សាណាត​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋានពន្ធនាគារ​ និង​ លោកជំទាវ​ សុខ​ វណ្ណា​ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ លោក​ស្រី​ អគ្គនាយក​រង​ ប្រធាន​-​ អនុប្រធាន​នាយកដ្ឋាន​ នាយ​- នាយរងការិយាល័យ​ ព្រមទាំង​សមាជិក​ សមាជិកា​​ ​ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ​ជាច្រើន​រូប​ផងដែរ​។  


លោកស្រី​ ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ ញ៉ែម​ អូន អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ បានធ្វេីសេចក្តី​រាយការណ៍សង្ខេបអំពីលទ្ធផលការងារបញ្ជ្រាប​យេនឌ័រឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងារយេនឌ័រ​ របស់អគ្គនាយកដ្ឋានពន្ធនាគារ​។


ក្រោយពីបានស្តាប់​របាយការណ៍របស់ក្រុមការងារយេនឌ័រ រួចមក​ ឯកឧត្ដម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ អគ្គនាយក​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ត្រី នៃអគ្គនាយកដ្ឋាពន្ធនាគារទាំងមូល ទាំងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីពន្ធនាគារស្ត្រីទាំងអស់ និយាយជារួម និងនិយាយដោយឡែក ក្រុមការងារយេនឌ័រ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីឆន្ទៈ មនសិការ និងការទទួលខុសត្រូវ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ដើម្បីឱ្យបេសកកម្មរបស់អគ្គនាយកដ្ឋាពន្ធនាគារ សម្រេចបានសមិទ្ធិផលធំៗ ក្នុងការលើកកម្ពស់​ការគ្រប់គ្រង ពន្ធនាគារ ស្របតាមចក្ខុវិស័យ និងការធ្វើកំណែទម្រង់ពន្ធនាគារ​។


ក្នុងនោះ​ដែរ​ ឯកឧត្ដម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក​ បានបន្តថាអគ្គនាយកដ្ឋានពន្ធនាគារ តែងប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ជារៀងរាល់ឆ្នាំ ជាមួយនឹង បរិយាកាសរីករាយក្រោមដំបូល​តែមួយ​នៃមហាគ្រួសារអគ្គនាយកដ្ឋានពន្ធនាគារ។​

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដម ​ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក ​បានលើកទឹកចិត្តដល់បងប្អូនស្ត្រីជាមន្ត្រីពន្ធនាគារទាំងអស់ ព្រមជាមួយនិងមតិផ្តាំផ្ញើមួយចំនួនដូចខាងក្រោម៖

១.ជាមន្ត្រីរាជការមុខងារសាធារណៈ ត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ នៃរដ្ឋបាលសាធារណៈ គឺឆន្ទៈម្ចាស់ការ ភក្ដីភាព សីលធម៌វិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈ

២.ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ បង្កើនសកម្មភាពចូលរួមក្នុង​វេទិការនានា ទាំងនៅក្នុងរង្វង់វិស័យការងាររបស់ខ្លួន និងវិស័យពាក់ព័ន្ធផ្សេងទៀត

៣.បន្តខិតខំរៀនសូត្រ ធ្វើការអភិវឌ្ឍខ្លួនប្រកបដោយចក្ខុវិស័យ និងត្រៀមខ្លួនជាមួយនិងភាពជាអ្នកដឹកនាំសម្រាប់មុខតំណែង ឬតួនាទីក្នុងអង្គភាព ឬស្ថាប័នដែលខ្លួនបម្រើការងារ

៤.បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ បង្កើតភាពសុខដុមនីយកម្មនៅកន្លែងការងារ ត្រូវមានទស្សនៈទូលំទូលាយ និង​រួមសហការការងារក្នុងគោលដៅតែមួយ គឺធ្វើឱ្យអង្គភាព​សម្រេចបានលទ្ធផលខ្ពស់

៥.បងប្អូនមន្ត្រីជានារីគ្រប់រូប ត្រូវបន្តតួនាទីជាកម្លាំងស្នូល ប្រកបដោយ ភាពស្វាហាប់ អង់អាច តស៊ូ ពុះពារ និងអំណត់​ព្យាយាម បំពេញភារកិច្ចឱ្យបានសកម្មនៅគ្រប់មុខ សញ្ញានៅក្នុងអង្គភាពប្រតិបត្តិ ដើម្បីបង្ហាញពីភាពលេចធ្លោ និងគុណវុឌ្ឍិការងារ។


ឯកឧត្ដម ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ អគ្គនាយក​ ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់​អង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តយកចិត្តទុកដាក់​គិតគូរខ្ពស់អំពីសុខទុក្ខចំពោះបងប្អូនស្ត្រីជាមន្ត្រីក្រោមឱវាទ ជាពិសេស ត្រូវពិនិត្យក្នុងការផ្តល់ឱកាសចំពោះមន្ត្រីជាស្ត្រី សម្រាប់មុខតំណែងដឹកនាំ នៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាព ដើម្បីធានាឱ្យបាននូវបរិមាណ ស័ក្តិសម​និងការលើកកម្ពស់សមភាពយេនឌ័រ និងប្រកបដោយសុភវិនិច្ឆ័យ។


ឯកឧត្ដម ឧត្តមអគ្គានុរក្សថ្នាក់លេខ១​​ អគ្គនាយក ​បានបន្តណែនាំថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្តយកចិត្តទុកខ្ពស់ចំពោះជនជាប់ឃុំជាស្ត្រី ដែលការងារនេះ បានស្តែងឱ្យឃើញតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ដែលរស់នៅតាមម្តាយក្នុងពន្ធនាគារ ជាពិសេស លើសេវាថែទាំសុខភាព ត្រូវបានទទួលអត្ថប្រយោជន៍ដូចស្ត្រីទូទៅផងដែរ​។


ជាចុងក្រោយឯកឧត្ដម ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ អគ្គនាយក​ បានជូនពរដល់នារីទាំងអស់ ជាពិសេស នារីដែលមានវត្តមាននៅក្នុងពិធីនេះ ដែលបានដើរតួនាទីដ៏ប្រពៃថ្លៃថ្លា ជាមន្ត្រីល្អ ជាភរិយាល្អ ជាម្តាយល្អ និង ជាអ្នកគ្រប់គ្រងលើកស្ទួយសេដ្ឋកិច្ចគ្រួសារដ៏រឹងមាំ និងសូមទទួល​បានបាច់ផ្កាពីមនុស្សជាទីស្រលាញ់គ្រប់ៗគ្នា និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ