logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារមិនគប្បីមួយចំនួន!
584
08-July-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមអភិសន្តិបណ្ឌិត៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារមិនគប្បីមួយចំនួន!


ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។


ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការឡើងឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមសុីវិល និងអ្នកវិភាគមួយចំនួនដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។


ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធន៍ដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារនិងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង។


ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់បង្ក្រាបករណីជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើជួញដូរមនុស្ស សុវត្ថិភាពចរាចរណ៍ ជាពិសេសពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងសុវត្ថិភាពចំណីអាហារ រួមទាំងអាហារសម្រាប់កុមារតាមសាលារៀន ខិតខំទាក់ទាញការវិនិយោគ ពង្រីកសក្ដានុពលទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាប់ព្រំដែន នៃប្រទេសថៃ៕

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ