

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទ ដែលស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពិនិត្យដោយផ្ទាល់លើដំណើរការបំពេញបែបបទ ការផ្ទៀងផ្ទាត់ឯកសារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយបានណែនាំដល់កម្លាំងជំនាញឱ្យអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមនីតិវិធីច្បាប់ និងគោលការណ៍ជំនាញ ធានាភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនផងដែលថាចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ មានន័យថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។ ឧទាហរណ៍៖ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តឧត្តរមានជ័យ ហើយបានទៅប្រកបការងារនៅខេត្តសៀមរាប ដូននេះអាចស្នើសុំ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប









