

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋាន សម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព. គ.ភ.ឃ.ស. បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ភ.ឃ.ស.។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអចិនន្ត្រៃយ៍ អនុប្រធានលេខាធិការដ្ឋាន ព្រមទាំង លោក លោកស្រី ដែលជាសមាជិក នៃលេខាធិការដ្ឋាន គ.ភ.ឃ.ស. ជាច្រេីនរូបទៀត។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងដេីម្បីពិនិត្យ តាមដានបច្ចុប្បន្នភាពលទ្ធផលនៃការអនុវត្តនូវការងារដែលសម្រេចបានរបស់លេខាធិការដ្ឋាន សម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គ.ភ.ឃ.ស. និងបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញនៅទិសដៅការងារបន្តទៀត សម្រាប់ខែបន្ទាប់។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញ ដល់លេខាធិការដ្ឋាន គ.ភ.ឃ.ស. ទៅលេីការពិនិត្យឡេីងវិញ និងកែសម្រួលរបាយការណ៍ តាមបណ្តារាជធានី ខេត្ត ឱ្យបានទាន់ពេលវេលា និងត្រូវរៀបចំកិច្ចប្រជុំក្រុមការងារឱ្យបានរៀងរាល់ខែ ដេីម្បីត្រួតពិនិត្យតាមដានលេីកិច្ចការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសេីរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









