logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ
57
19-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ។


ពិធីសម្ពោធនេះ ក៏មានការអញ្ជេីញចូលរួមពី៖ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ សមាគមអ្នកសិល្បៈ សិស្ស-និស្សិត យ៉ាងច្រេីនកុះករ។ ពិធីនេះ រៀបចំធ្វើឡើងនៅរោងភាពយន្ត Sabay Cinema សាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអន៣)។


នាឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានថ្លែងថា ការរីកចម្រើនយ៉ាងលឿន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើឱ្យពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលធ្វើជាមធ្យោបាយ ដើម្បីពង្រឹង និងពង្រីក ប្រសិទ្ធភាពការងារ និងអាជីវកម្ម។


ឯកឧត្តម អគ្គនាយក បន្ដថា ទោះបីជាបច្ចេកវិទ្យាឌីជីថល បានផ្តល់នូវអត្ថប្រយោជន៍មហាសាលដល់មនុស្សជាតិ ប៉ុន្តែវាក៏ទាមទារឱ្យមនុស្សប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ 


ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល គឺជាមុំយុទ្ធសាស្ត្រដ៏សំខាន់ និងជាកាលានុវត្តភាពថ្មីមួយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។


ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា ឆ្លើយតបនឹងទិសដៅនយោបាយដ៏វែងឆ្ងាយនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននឹងកំពុងរុញច្រានការធ្វើទំនើបកម្មស្ថាប័ន ដោយចាត់ទុកបច្ចេកវិទ្យា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។


ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ទោះជាយ៉ាងណា ទន្ទឹមនឹងផលវិជ្ជមានដ៏មហាសាល នៃការផ្លាស់ប្តូរទៅជាឌីជីថល យើងក៏ត្រូវប្រឈមមុខនឹងបញ្ហាអសន្តិសុខទម្រង់ថ្មី គឺបទល្មើសបច្ចេកវិទ្យាឆ្លងដែន (Cybercrimes)។ ឧក្រិដ្ឋជនបាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ។ សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ