logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង ណែនាំដល់កម្មករនិយោជិតត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ
32
29-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់កម្មករនិយោជិតត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រមទាំងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។


ការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ស្ថិតក្នុងស្រុករតនមណ្ឌល។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិតនៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធជារៀងរាល់ឆ្នាំ។ ការជ្រើសរើសប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ សម្រាប់ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព កែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅឱ្យមានភាពកាន់តែប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ដូចជាបង្កើតភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា។


ក្នុងបរិបទដែលប្រទេសកម្ពុជាទទួលរងការឈ្លានពានពីភាគីថៃ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតទាំងអស់ត្រូវបន្តមានស្មារតីជាតិនិយម រួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីប្រទេសជាតិយើងរឹងមាំ និងសាមគ្គីគ្នាជាធ្លុងមួយគាំទ្រជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ ដោយរាជរដ្ឋាភិបាលមិនដែលបោះបង់ទឹកដីចោលឡើយហើយកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។


ដើម្បីតម្រង់ទិសការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្ទីរការងារ សាខាបេឡាជាតិសន្តិសង្គម មជ្ឈមមណ្ឌលការងារខេត្ត និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធសំដៅធានាលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ