logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អ្វីទៅជា បរិវត្តកម្មឌីជីថល ឬ Digital Transformation?
3K
23-October-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

ពាក្យថា បរិវត្តកម្មឌីជីថល ឬ Digital Transformation សំដៅទៅលើរបត់នៃការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ធ្វើការ និងការប្រាស្រ័យទាក់ទងគ្នាទៅកាន់បែបឌីជីថល ដោយការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជួយសម្រួលដំណើរការ និងបង្កើនប្រសិទ្ធភាពនៃការងារ និងទំនាក់ទំនងរបស់មនុស្ស។


ចំណុចសំខាន់ៗនៃបរិវត្តកម្មឌីជីថលរួមមានៈ ការបញ្ជ្រៀបចំណេះដឹងផ្នែកបច្ចេកវិទ្យា ការបង្កើនប្រសិទ្ធភាពនៃបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជា ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទឆ្លាតវៃជាដើម ការវិភាគទិន្នន័យដើម្បីស្វែងយល់ពីចំណុចយុទ្ធសាស្រ្ត ដែលអាចជំរុញការងាកមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការបង្កើនការយល់ដឹងរបស់ប្រជាជនឱ្យកាន់តែច្បាស់លាស់ពីគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា។


ក្រៅពីនេះ ការទទួលបានបទពិសោធន៍បែបឌីជីថលពីមជ្ឈដ្ឋានជុំវិញ ក៏បានជួយជំរុញការផ្លាស់ប្តូរទៅកាន់ទំនោរដែលកំពុងទទួលបានការពេញនិយមខាងលើនេះផងដែរ។ ជាក់ស្តែង ដូចជាការប្រើប្រាស់បច្ចកវិទ្យាឌីជីថលក្នុងការទំនាក់ទំនង ទទួលបានព័ត៌មានថ្មីៗ និងការផ្ទេរ ឬទទួលប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចជាដើម គឺសុទ្ធសឹងតែជាឧទាហរណ៍នៃបរិវត្តកម្មឌីជីថល ដែលកំពុងក្លាយជាវិធីសាស្រ្តដ៏ពេញនិយមសម្រាប់មនុស្សក្នុងពេលបច្ចុប្បន្ន ដោយសារភាពរហ័ស ជាក់លាក់ និងសន្សំសំចៃរបស់វា។


បន្ថែមពីលើនេះ ការផ្តល់នូវចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ និងការយល់ដឹងពីការសម្របខ្លួនទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា ក៏ជាចំណុចសំខាន់មួយនៃដំណើរបរិវត្តកម្មឌីជីថលផងដែរ។ នោះដោយសារតែបច្ចេកវិទ្យាក្នុងពេលសព្វថ្ងៃនេះ កំពុងមានការវិវត្តឥតឈប់ឈរ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវក្តាប់ឱ្យជាប់ បត់បែនឱ្យទាន់ និងមានភាពប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ និងការពារខ្លួនពីការប៉ុនប៉ងមិនល្អផ្សេងៗពីសំណាក់ជនទុច្ចរិត។


និយាយជារួម បរិវត្តកម្មឌីជីថល ឬ Digital Transformation គឺជាការបង្កើតវប្បធម៌ ដំណើរការ និងយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យសង្គមមួយមានភាពជឿនលឿនស្របទៅនឹងភាពរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ